Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពូកែមែន! ទេពកោសល្យរបស់កូនខ្មែរកែច្នៃសម្ភារបម្រើឱ្យវិស័យកសិកម្មពាក់កណ្តាលស្វ័យប្រវត្តិ

    BY Khmerpress July 4, 2022
    ពូកែមែន! ទេពកោសល្យរបស់កូនខ្មែរកែច្នៃសម្ភារបម្រើឱ្យវិស័យកសិកម្មពាក់កណ្តាលស្វ័យប្រវត្តិ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឧបករណ៍កែច្នៃជាគ្រឿងយន្តពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មត្រូវបានកូនខ្មែរចេះច្នៃប្រឌិតឡើង ងាយស្រួលក្នុងការប្រើប្រាស់និង បានផ្តល់ផលប្រយោជន៍ទៅ ដល់កសិករ ដែលកំពុងដាំដុះ និងថែទាំដំណាំឧស្សាហកម្មបានគ្រប់ប្រភេទ។

    ក្នុងសកម្មភាពកែច្នៃឧបករណ៍បម្រើឱ្យផ្នែកកសិកម្មនៅភូមិត្នោតថ្មី ឃុំសំអាងស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែងថ្ងៃទី០៤ ខែកក្កដា លោក ហេង លាងពៅ បានបញ្ជាក់ថា ឧបករណ៍នេះសម្រាប់ប្រើបាញ់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបំប៉នទៅលើដំណាំ ព្រោះបច្ចុប្បន្នកសិករយើងមានដីចម្ការធំៗបានដាំដំណាំឧស្សាហកម្មច្រើនប្រភេទ មានដូចជាកៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀតដំឡូងមី ជាដើមហើយពួកគាត់អាចបញ្ជាទិញយកទៅប្រើប្រាស់សម្រាប់ថែទាំដំណាំបានស្រួល។

    លោកបន្តថា ដោយសារតែភាពលំបាកកន្លងមក ទើបរិះរកបច្ចេកទេសកែច្នៃឧបករណ៍នេះសម្រាប់ប្រើប្រាស់បានសម្រេចជោគជ័យ និងមានកសិករយើងមួយចំនួន បានទិញយកទៅប្រើរួចមកហើយដែរ។ ជាងនេះទៀត អាចរកប្រាក់ចំណូលបាន ពីការទៅស៊ីឈ្នួលបាញ់ថ្នាំលើដំណាំឱ្យកសិករផ្សេងៗទៀត ដោយមិនបាច់ចំណាយពេលវេលាយូរក្នុងការបាញ់ថ្នាំ និងចៀសវាងបានពីផលប៉ះពាល់ផ្នែកសុខភាពផងដែរ។

    លោកបន្ថែមថា ឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិនេះ ក្រុមការងារបច្ចេកទេស ផលិតមួយគ្រឿងត្រូវចំណាយពេលវេលាមួយសប្តាហ៍ និងចំណាយថវិកាទិញសម្ភារសរុបប្រមាណជិត២.០០០ ដុល្លារហើយលក់ជូនអតិថិជនវិញមួយគ្រឿងមានតម្លៃចាប់ពី ២.៥០០រយដុល្លារ ទៅ៣.៥០០ រយដុល្លារតាមការបញ្ជាទិញ។

    លោក សុធី កសិករនៅភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែង បានទទួលស្គាល់ថាឧបករណ៍បាញ់ថ្នាំនេះពិតជាបានជួយកាត់បន្ថយការប្រើកម្លាំងពលកម្ម ហើយបាញ់ថ្នាំបានសព្វល្អ និងបានលឿនឆាប់រហ័សចំណេញពេលវេលា ធ្វើឱ្យដំណាំទទួលបានផលល្អថែមទៀត។

    លោកបន្តថា កសិករដែលដាំដំណាំឧស្សាហកម្មច្រើន គួរមានឧបករណ៍នេះសម្រាប់ដោះស្រាយបញ្ហា ព្រោះបានប្រើប្រាស់ខ្លួនឯងហើយ និងអាចទៅស៊ីឈ្នួលបាញ់ថ្នាំដំណាំឱ្យកសិករ ឬក្រុមហ៊ុនផ្សេងៗបានប្រាក់ចំណូលបន្ថែមទៀត។

    សូមបញ្ជាក់ថា កូនខ្មែរកែច្នៃឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មនេះ លោកហេង លាងពៅ ចេះផលិតរយៈពេល៣ឆ្នាំមកហើយ ដែលមានទីតាំងនៅភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិ វ៉ាត់ ខេត្តស្ទឹងត្រែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ឮ០៩ មានចម្ងាយពីទីរួមខេត្តស្ទឹងត្រែងប្រមាណជាង ៣០គីឡូម៉ែត្រ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: