Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃជាង ៣លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានអនុម័តដោយ CDC

    BY Khmerpress July 4, 2022
    រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃជាង ៣លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានអនុម័តដោយ CDC

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃជាង ៣លានដុល្លារអាម៉េរិក ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី វិនិយោគជាមួយនឹងឱកាសការងារបន្ថែមប្រមាណ៧០០កន្លែង។

    តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុម ហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគជូន ដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៧០០កន្លែង។ នេះគឺជាគម្រោងថ្មីបន្ថែម បន្ទាប់ពីពេលថ្មីៗកន្លងទៅនេះ CDC បានសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន ៤៧គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ២ពាន់ ៥រយលានដុល្លារអាម៉េរិក គិតត្រឹមត្រីមាសទី ១ ដើម ឆ្នាំ២០២២នេះ។

    អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឯកឧត្តម សុខ ចិន្ដាសោភា បាន លើកឡើងនៅថ្ងៃនេះថា កម្ពុជាគឺជាប្រទេស ដែលមានកាលានុវត្តភាពច្រើនសម្រាប់ការ វិនិយោគ ខណៈកម្ពុជាក៏ទើបបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិនិយោគថ្មីដែលមានភាព ទាក់ទាញ និងអំណោយសម្រាប់ការចូលមកបណ្តាក់ទុន។ បន្ថែមពីលើនេះ ក្រសួងពាណិជ្ជ កម្ម ក៏បាន និងកំពុងបង្កើតនូវបទប្បញ្ញត្តិ និងច្បាប់មួយចំនួន មានដូចជា ច្បាប់ស្ដីពីការធ្វើ ពាណិជ្ជកម្ម តាមអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីកិច្ចសន្យា ពាណិជ្ជកម្ម ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីម្ហូប អាហារ ព្រមទាំង បានធ្វើវិសោធនកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្ដីពីសហគ្រាស ពាណិជ្ជកម្មជាដើម ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការវិនិយោគបន្ថែម នៅកម្ពុជាផងដែរ។

    បើយោងតាមរបាយការណ៍ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី១ ឆ្នាំ ២០២២នេះ បានបង្ហាញថា ទឹកប្រាក់វិនិយោគជាង ៦០លានដុល្លារ បានហូរចូលទៅក្នុង វិស័យកសិកម្ម កើនឡើង ១០៨ភាគរយ វិស័យថាមពល សម្រេចបាន ៣៨៩លានដុល្លារ កើនឡើង ៦០៧ភាគរយ វិស័យឧស្សាហកម្មមានជាង ២០០លានដុល្លារ ធ្លាក់ចុះ ៦៥ភាគរយ ខណៈការវិនិយោគក្នុងវិស័យទេសចរណ៍ឈានដល់ ១២៩លានដុល្លារអាម៉េរិក។

    គួរបញ្ជាក់ថា គម្រោងវិនិយោគដែលត្រូវបានអនុម័តដោយ CDC កាលពីពេលកន្លង មកមានដូចជា មជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង វារីអគ្គិសនី រោងចក្រផលិត សំបកកង់យានយន្ត សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ កសិដ្ឋានដាំដំណាំចេក និងផ្លែឈើផ្សេង ទៀត រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាលជាដើម៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: