Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មេឃុំព្រះដាក់ សម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ ៩០ឆ្នាំ ដើម្បីទុកឱកាសឱ្យក្មេងជំនាន់ក្រោយ ធ្វើការងារបន្ត

    BY Khmerpress July 13, 2022
    មេឃុំព្រះដាក់ សម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ ៩០ឆ្នាំ ដើម្បីទុកឱកាសឱ្យក្មេងជំនាន់ក្រោយ ធ្វើការងារបន្ត

    (សៀមរាប)៖ មេឃុំព្រះដាក់បានសម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ ៩០ឆ្នាំ ដើម្បីទុកឱកាសឱ្យក្មេងជំនាន់ក្រោយធ្វើការងារបន្ត បន្ទាប់ពីបម្រើការងារជាមេឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប អស់រយៈកាលជិត ៤០ឆ្នាំ។ អតីតមេឃុំព្រះដាក់ លោក តូច ឈន់ បានសម្រេចចិត្តចូលនិវត្តន៍នៅអាយុ ៩០ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយបញ្ចេញស្នាដៃ។ លោកនឹងប្រើពេលវេលាចុងក្រោយ ក្នុងផ្លូវធម៌អាថ៌នៃព្រះពុទ្ធសាសនា។

    អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់អតីតមេឃុំព្រះដាក់រូបនេះ។ លោកអភិបាលស្រុក បានឱ្យដឹងថា ក្នុងរយពេលប្រមាណជាង ៣ឆ្នាំចុងក្រោយនេះ នៅពេលលោកចុះធ្វើការងារនៅឃុំព្រះដាក់ពេលណា ក៏ធ្វើការជាមួយលោក តូច ឈន់ ដែរ។

    លោក ឃឹម ហ្វីណង់ បានបញ្ជាក់ដូច្នេះ «លោក [តូច ឈន់] ជាចាស់ទុំនៅក្នុងឃុំដែលមានបទពិសោធន៍ច្រើន មានប្រជាប្រិយភាពទូលំទូលាយ និងជាអ្នកដឹកនាំដែលហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ ហ៊ានអារកាត់ដើម្បីផលប្រយោជន៍រួម ហើយក៏ជាបុគ្គលដែលមានភាពប្រាកដប្រជានៃអត្តចរិត និងអត្តសញ្ញាណរបស់ខ្លួន។ ចំពោះការងារលោកចូលចិត្តនិយាយត្រង់ទៅត្រង់មក មាត់អាក្រក់បន្តិចតែចេតនាល្អ និងតែងតែសំឡឹងមើលបានគ្រប់ជ្រុងជ្រោយក្នុងពេលដោះស្រាយបញ្ហា តែនោះក៏ប្រហែលជាមកពីលោកធ្លាប់បានឆ្លងកាត់ច្រើន មិនចូលចិត្តធ្វើរឿងអ្វីដែលមិនសូវមានប្រយោជន៍ និងមើលមិនឃើញពីភាពចាំបាច់ដែលត្រូវក្បាច់ក្បូរវែងឆ្ងាយហួសហេតុពេក»។

    លោក ឃឹម ហ្វីណង់ បានថ្លែងអំណរគុណលោក តូច ឈន់ សម្រាប់ការងារជាមេឃុំព្រះដាក់ជិត៤០ឆ្នាំ ដោយបានលះបង់ការបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ និងក្តីស្រលាញ់។ លោកអភិបាលស្រុកបន្តថា អ្នកព្រះដាក់ នឹងនៅតែនឹករលឹកដល់អតីតមេឃុំវ័យចំណាស់រូបនេះ និងចងចាំនូវរាល់ទង្វើល្អលោក បានធ្វើសម្រាប់ឃុំព្រះដាក់មួយនេះ។

    សូមបញ្ជាក់ថា លោក តូច ឈន់ ចូលបម្រើការងារជាមេឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាំងពីឆ្នាំ១៩៨៣មក ដែលគិតដល់បច្ចុប្បន្នមានរយៈពេល ៣៩ឆ្នាំហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: