រយៈពេល៦ខែ ឆ្នាំ២០២២ ការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជិត ១៤០០ លានដុល្លារ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេល៦ ខែ ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានជិត១ ៤០០ លានដុល្លារអាមេរិក និងបង្កើតឱកាសការងារជិត ៣០ ០០០កន្លែងបានកើនឡើង ៣៨,២៣%បើធៀបនឹងឆ្នាំមុន។
ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល ដើម្បីពិភាក្សាពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍន ភាពរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ។
លោកបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រា សមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន ១៧០ ហើយបានបង្កើតឱកាសការងារជិត ៣០ ០០០កន្លែង។ សម្រាប់ខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន ១ ៣៧៤ លានដុល្លារអាមេរិកបានកើនឡើង៣៨,២៣% បើធៀបនឹងឆ្នាំមុន។ ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំនេះយ៉ាងនេះក្តី។ ការរក្សាបាននូវភាពរឹងមាំនៃការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន ហើយក៏ជាផ្នែកមួយនៃគម្រោងខ្សែច្រវាក់ និងផ្លូវបានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿនក៏ជាស្នូលនៃការអភិវឌ្ឍដោយមានការរួមចំ ណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យបានឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ទៅកាន់ក្រុមហ៊ុននេះនៅប្រទេសចិន ដោយបានស្នើសុំទៅស្ថាបនិកក្រុមហ៊ុនបន្តការវិនិយោគមកកាន់កម្ពុជាឱ្យមានភាពសម្បូរបែប ដែលបង្កលក្ខណៈដល់ឱ្យពលរដ្ឋកម្ពុជាទទួលបានការងារថ្មីៗកាន់តែច្រើន៕ ប្រភព៖ ក្រសួងព័ត៌មាន
