Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនកូតគាម «ភ្នំតាមៅ»

    BY Khmerpress August 20, 2022
    TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនកូតគាម «ភ្នំតាមៅ»

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនកូតគាម «ភ្នំតាមៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។

    ព្រះរាជក្រឹត្យនេះ មានគោលបំណង៖

    * អភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់
    * អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ
    * ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ
    * បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

    តាមព្រះរាជក្រឹត្យ, ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២ ០២៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ដូចមានផែនទីបញ្ជាក់ទីតាំង និង ចំណុចនិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ។ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ត្រូវបានបែងចែកជា ៣តំបន់ដូចខាងក្រោម៖

    ១៖ តំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ ហិកតា។

    ២៖ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ (ប្រាំរយសាមសិប) ហិកតា។

    ៣៖ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ (បួនរយចិតសិបបួន) ហិកតា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: