Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកការធ្វើដំណើរកាត់កំណាត់ផ្លូវ ៦០ម៉ែត្រ ៣ថ្ងៃ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស

    BY Khmerpress August 29, 2022
    រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកការធ្វើដំណើរកាត់កំណាត់ផ្លូវ ៦០ម៉ែត្រ ៣ថ្ងៃ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកការធ្វើដំណើរលើកំណាត់ផ្លូវ៦០ម៉ែត្រ រយៈពេល ៣ថ្ងៃ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ។

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការផ្អាកធ្វើចរាចរណ៍ចាប់ពីម៉ោង៥ព្រឹកថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែសីហា។

    កំណាត់ផ្លូវដែលហាមធ្វើដំណើរឆ្លងកាត់ គឺចាប់ពីចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយនឹងវិថីកងយុទ្ធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ស្តុបចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ)។

    សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទៀតក្នុងរាជធានីភ្នំពេញ។

    ផ្លូវអាកាសថ្មីទាំងពីរនេះ ស្ពានមួយសាងសង់នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយនឹងវិថីកងយុទ្ធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងមួយទៀតសាងសង់នៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤)៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: