Cambodian Idol ផ្ទុះខ្លាំង តោះមកស្គាល់អ្នកបង្កើតកម្មវិធីមួយនេះ ថាគាត់ជាអ្នកណា?
កម្មវិធី Cambodian Idol រដូវកាលទី៤ ដែលទើបតែបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញនេះ បានសាងប្រវត្តិសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើលដោយមានអ្នកទស្សនាការឡាយនៅលើផេកផ្លូវការរបស់ទូរទស្សន៍ Hang Meas HDTV រហូតដល់ជាង 500K និងអ្នកចូលរួមទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករមិនធ្លាប់មាន។ ស្របពេលដែលកំពុងល្បីរន្ទឺនៅក្នុងប្រទេសកម្ពុជា តើចង់ដឹងអត់ថាតើអ្នកណា ជាអ្នកបង្កើតកម្មវិធីលំដាប់ពិភពលោកមួយនេះ ហើយបង្កើតឡើងដើម្បីអ្វី?
នៅក្នុងឆ្នាំ២០០១ លោក Simon Fuller ដែលជាសហគ្រិនជនជាតិអង់គ្លេស អ្នកគ្រប់គ្រងសិល្បករ ផលិតករភាពយន្តនិងទូរទស្សន៍ បានបង្កើតកម្មវិធីមួយឈ្មោះថា “Pop Idol”។ កម្មវិធីជាសេ៊រីនេះ គឺជាកម្មវិធីប្រកួតប្រជែងចំរៀងនៅលើទូរទស្សន៍ ITV ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជ្រើសរើសតារាចម្រៀងប៉ុបវ័យក្មេង និងល្អបំផុត ឬ (Pop Idol) នៅចក្រភពអង់គ្លេសដោយផ្អែកលើការបោះឆ្នោតរបស់អ្នកទស្សនា និងការចូលរួមរបស់មហាជន។
ក្រោយមក Fuller បានលក់កម្មវិធី “Pop Idol” ជុំវិញពិភពលោក ហើយគាត់ត្រូវបានផ្តល់កិត្តិយសក្នុងការបង្កើតទម្រង់ទូរទស្សន៍ដ៏មានតម្លៃបំផុតរបស់ពិភពលោកជាមួយនឹងតម្លៃជាង ៨ពាន់លានដុល្លារ ដែលបង្កើតឡើងដោយរកប្រាក់ចំណូលពីអ្នកឧបត្ថម្ភ ការលក់ទំនិញ, សេវាទូរស័ព្ទ ការលក់តន្ត្រី ការផ្សាយ និងការផ្សាយពាណិជ្ជកម្ម។ ចាប់ពីពេលនោះមក កម្មវិធីនេះបានក្លាយជាសិទ្ធិផ្តាច់មុខរបស់ទូរទស្សន៍អន្តរជាតិ ហើយបានបង្កើតបានជាស៊េរី Idol ជាច្រើនជុំវិញពិភពលោក។ ក្នុងពេលជាមួយគ្នានោះ ជម្លោះផ្លូវច្បាប់បានកើតឡើងជាមួយអ្នកបង្កើត Popstars ដែលនៅទីបំផុតនាំឱ្យពាក្យ “pop” ត្រូវបានដកចេញពីឈ្មោះកម្មវិធី ដោយដាក់ជាឈ្មោះប្រទេសវិញដូចជា៖ American Idol, Australian Idol, Arab Idol, Canadian Idol, Indonesian Idol, Indian Idol, NZealand Idol, Latin American Idol, Idol (Norway), Idol (Poland), Idol (Sweden), ជាដើម។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ទូរទស្សន៍ល្បីឈ្មោះក្នុងស្រុក Hang Meas HDTV បាននាំយកកម្មវិធីលំដាប់ពិភពលោក ដែលត្រូវបានស្គាល់ថា Cambodia Idol មកក្នុងទីផ្សារកម្ពុជា។ យ៉ាងណាមិញមកទល់នឹងពេលនេះ កម្មវិធី Cambodia Idol បានប្រារព្ធធ្វើឡើងបាន ៤ រដូវកាលហើយ ដោយក្នុងរដូវការទី១ ពានរង្វាន់គឺបានទៅលើលោក នី រតនា រដូវការទី២គឺ កញ្ញា ឈិន ម៉ានិច រដូវកាលទី៣ គឺលោក គ្រី ថៃពៅ និងរដូវការទី៤ គឺលោក លីម តិចម៉េង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


