Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ ស្នើមហាជនកុំប្រមាថស្ត្រីស្លៀកខ្លី ក្នុងកម្មវិធី Miss Grand Cambodia ខណៈមិនទាន់មានច្បាប់ កំណត់ស្តង់ដាភាពស៉ីចស៉ីទេ

    BY Khmerpress September 2, 2022
    ក្រសួងវប្បធម៌ ស្នើមហាជនកុំប្រមាថស្ត្រីស្លៀកខ្លី ក្នុងកម្មវិធី Miss Grand Cambodia ខណៈមិនទាន់មានច្បាប់ កំណត់ស្តង់ដាភាពស៉ីចស៉ីទេ

    (ភ្នំពេញ)៖ ភាពស៉ីចស៉ី (Sexy) មិនទាន់មានច្បាប់កំណត់នៅឡើយទេ សម្រាប់ប្រទេសកម្ពុជា។ នេះបើតាមលោក ឡុង ប៉ុណ្ណស៉ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌។

    មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលច្បាប់បានកំណត់ពីការហាមឃាត់ នៃការស្លៀកពាក់ស៉ិចស៉ី ហើយក៏ប្រៀបបាននឹងមានការកំណត់ពីស្តង់ដានៃភាពស៉ិចស៉ីផងដែរ។

    លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានកោះហៅលោក អ៉ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស មកជួបប្រជុំ ដើម្បីពិនិត្យលើកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា (Miss Grand Cambodia 2022) នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឲ្យលោកស្រី ភឿង សកុណា ពិនិត្យឡើងវិញលើកម្មវិធីខាងលើ បន្ទាប់ពីរងការរិះគន់ផ្ទួនពីមហាជន រឿងយកល្បែងតំណាងឲ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៉ិចស៉ីជ្រុលហួសហេតុ របស់បេក្ខនារីតំណាងឲ្យខេត្តស្ទឹងត្រែង។

    លោក ឡុង ប៉ុណ្ណស៉ីរីវត្ថ បានឲ្យដឹងថា បេក្ខនារីដែលចូលរួមប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2022 គ្មានកំហុសទេ ព្រោះពួកគេសម្តែង និងស្លៀកពាក់ទៅតាមអ្នករៀបចំកំណត់ ខណៈដែលកម្ពុជាមិនទាន់មានការកំណត់ឡើយ ពីការស្លៀកពាក់ស៉ីចស៉ី។ ហេតុនេះ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានស្នើមហាជនកុំប្រមាថស្ត្រីស្លៀកខ្លី ក្នុងកម្មវិធីនេះឡើយ។

    លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បើសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈវិញ មានការកំណត់ភាពស៉ីចស៉ីថា ស្លៀកខ្លីមានប្រវែងណា និងកម្រិតណា ដែលខុសច្បាប់»។

    យោងតាមមាត្រា៣៦ នៃសេចក្ដីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ចែងអំពីការស្លៀកពាក់គ្របដណ្ដប់កាយរបស់ពលរដ្ឋទាំងពីរភេទ ដែលបុរសហាមមិនឲ្យលែងខ្លួនល្វែងលើ ដោយមិនពាក់អាវ និងហាមមិនឲ្យស្លៀកតែខោទ្រនាប់ បង្ហាញផ្នែកខ្លះនៃកេរភេទ។ សម្រាប់ស្ត្រីវិញ មាត្រាដដែលបានហាម ការស្លៀកពាក់ខ្លីខើចលើខើចក្រោម ឬស្លៀកពាក់ស្ដើងមើលឃើញកេរភេទ ឬស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ។

    សូមជម្រាបថា អគ្គនាយកផលិតកម្ម មហាហង្ស បានប្រកាសទទួលស្គាល់កំហុស និងស្នើសូមការអភ័យទោសពីមហាជន ចំពោះភាពខ្លះចន្លោះមួយចំនួន លើរឿងរៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា ឆ្នាំ២០២២ ដែលទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។ ម្ចាស់ផលិតកម្ម បានសន្យាថា ការរៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា ឆ្នាំក្រោយ នឹងឲ្យមានកំហុសបែបនេះទៀតទេ។

    មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងថា ការប្រឡង គឺដើម្បីរើសមនុស្សតំណាងប្រទេស ទៅចូលរួមប្រកួតអន្តរជាតិ ហេតុនេះបើសិនជាមានការស្តីបន្ទោសពួកគាត់ អាចធ្វើឲ្យលែងមានអ្នកចង់ប្រឡង ហើយក៏ធ្វើឲ្យលែងមានមនុស្សតំណាងជាតិ ទៅប្រឡងជាមួយបណ្តាអន្តរជាតិដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: