Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តកំពតគ្រោងស្ថាបនាឆ្នេរ និងសួនកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន

    BY Khmerpress September 5, 2022
    អាជ្ញាធរខេត្តកំពតគ្រោងស្ថាបនាឆ្នេរ និងសួនកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពត គ្រោងស្ថាបនាឆ្នេរ និងសួនកម្សាន្តជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ខណៈដែលខេត្តមួយនេះ មិនទាន់មានឆ្នេរ សម្រាប់បម្រើដល់ការកម្សាន្ត របស់ភ្ញៀវទេសចរនៅឡើយ។

    ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតក្នុងទិសនិរតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលនិងធនធានដ៏សម្បូរបែប ប៉ុន្តែខេត្តជាប់មាត់សមុទ្រមួយនេះ នៅមិនទាន់មានឆ្នេរសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្តនៅឡើយនោះទេ ដូច្នេះហើយរដ្ឋបាលខេត្ត បានរៀបចំផែនការស្ថាបនាជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែលមានប្រវែង ២គីឡូម៉ែត្រឋិតនៅតំបន់កោះស្មៅ។

    ដោយឡែកការស្ថាបនាសួនកម្សាន្តដ៏ប្រណិតមួយទៀត គឺនៅជាប់ព្រែកកំពតដែលឋិតនៅចន្លោះ ស្ពាន ឥន្ទធនូ និងស្ពានថ្មីក្នុងក្រុងកំពត ដើម្បីស្រូបទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ បន្ទាប់ពីប្រមុខ រាជរដ្ឋាភិបាល បានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរ។ ឯកឧត្ដមអភិបាលខេត្តបន្ថែមទៀតថា បន្ទាប់ពីរៀបចំសម្អាតមាត់ព្រែក និងការរុះរើសំណង់លើដីចំណី ព្រែករួច បច្ចុប្បន្ននេះក្រុមការងារ កំពុងតែចាក់ខ្សាច់បំពេញជាបណ្តើរៗ ធ្វើយ៉ាងណាឱ្យការកសាង បានរួចរាល់ឆាប់រហ័ស ដើម្បីបម្រើវិស័យទេសចរណ៍។

    សំឡេង៖ « ក្នុងនាមរដ្ឋបាលខេត្ដក្រុមប្រឹក្សាខេត្តរៀបចំឆ្នេរដ៏ស្អាតប្រណិត នៅក្នុងក្រុងកំពតនេះ ២កន្លែង សម្រាប់ពុកម៉ែយើងកម្សាន្ត ចេញពីត្រង់កន្លែងស្ពានព្រំប្រទល់ជិតផ្ទះលោកស្នងការ ដល់ផែ ព្រះរាជជើងទឹក កន្លែងហ្នឹងខ្ញុំនឹងធ្វើឆ្នេរមួយឱ្យស្អាតដែលមានប្រវែង២ពាន់ម៉ែត្រជូនពុកម៉ែបងប្អូនរាល់ពេលល្ងាចៗយកហាត់ប្រាណ។ និងទី២ចន្លោះស្ពានដែកនិងស្ពានថ្ម គឺខ្ញុំនឹងរៀបចំឱ្យស្អាតបំផុត សម្រាប់ឱ្យកូនក្មួយយើងកម្សាន្ត ទៀត សម្រាប់ស្រូបយកទេសចរក្រៅខេត្ត ទេសចរជាតិនិងអន្តរជាតិមកលេងខេត្តរបស់យើងឱ្យកាន់តែច្រើន ហើយកូនក្មួយ បងប្អូនយើងដែលរកបានក្តាម បង្កង បង្គាអី យើងអាចលក់ដូរនៅតាមហាងអី ភ្ញៀវដែលមក កម្សាន្តនៅទីនេះ នឹងមកទទួលទាន ដែលនឹងអាចជួយលើកស្ទួយកម្ពស់ជីវភាពរបស់យើងបាន។»

    ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា គម្រោងស្ថាបនាឆ្នេរ នឹងសួនកម្សាន្តនេះ មិនទាន់ដឹងថា នឹងត្រូវ ចំណាយថវិកាចំនួនប៉ុន្មាននៅឡើយទេ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះដែរ ដោយ រដ្ឋបាលខេត្តកំពុងសិក្សាពីការស្ថាបនានេះ ប៉ុន្តែសម្រាប់សួនកម្សាន្ត នឹងបង្កើតឱ្យមាន ដូចជា សួនច្បារលម្អ នៅលើវិថីរង្វង់មូលបាញ់ទឹក សួនច្បារស្វាគមន៍ សួនផ្ការំដួល ផែសម្រាប់អ្នកដំណើរ ចំណតយានយន្ត កន្លែងដាក់ភ្ញៀវទេសចរ និងស្ពានសម្រាប់ចំណតទូកដែលមានរូបរាងជាសណ្ឋានដូចឥន្ទធនូ។

    សូមបញ្ជាក់ថា ខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ ចំនួន២១កន្លែង រួមមាន៖ រមណីយដ្ឋានទឹកឈូ,ណាតាយ៉ា,កែបថ្មី,ឋានសួគ៌បូកគោ,ភ្នំដូង,ភ្នំកំពង់ត្រាច,កោះតាដា,ប្រាសាទភ្នំខ្យង,ប្រាសាទភ្នំឈ្ងោក,ទំនប់ម្លេច,ទំនប់ប្រទាក់ក្រឡា,កោះសេះ,ស្រះឈូក,អន្លង់ក្មេងលេង,វត្តត្រើយកោះ,ភ្នំនាងសេដាឱន,កសិទេសចរណ៍ចំការម្រេច,ភ្នំទទុង,ស្ទឹងភេ,ជ្រលងភ្នំក្រហម,និងព្រែកក្តាតអេកូរីស៊ត ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: