ព័ត៌មានអន្តរជាតិ October 19, 2022

អាជ្ញាធរវៀតណាមពិន័យបុរសម្នាក់ជិត ១ពាន់ដុល្លារ ក្រោយរូបគាត់បានបើករថយន្តរាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់

Khmerpress

វៀតណាម៖ អាជ្ញាធរវៀតណាមសម្រេចធ្វើការពិន័យអ្នកបើកបររថយន្តដឹកទំនិញម្នាក់ជាប្រាក់ចំនួន ២០លានដុង (៨១៩,២៥ដុល្លារអាមេរិក) ក្រោយអ្នកបើកបររូបនេះមិនព្រមបើកផ្លូវអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងបើកវារថយន្តរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត​ Tuyen Quang ភាគខាងជើងប្រទេសវៀតណាម កាលពីម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈជនបង្កហេតុត្រូវបានអាជ្ញាធរវៀតណាមបញ្ជាក់ថា មានឈ្មោះ Vu The Phuong អាយុ ៤៤ឆ្នាំ។

ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគឺមានរថយន្តសង្គ្រោះបន្ទាន់មួយបានព្យាយាមបើកបរយ៉ាងលឿនដើម្បីនាំយកអ្នកជំងឺម្នាក់ពីខេត្ត​ Tuyen Quang ទៅធ្វើការវះកាត់បន្ទាន់នៅក្នុងមន្ទីរពេទ្យ Viet Duc ក្នុងទីក្រុងហាណូយ តែយ៉ាងណាក្តីពេលបើកបរដល់ផ្លូវ National Highway 2C ត្រង់ចំណុចស្រុក Son Duong ស្រាប់តែត្រូវរថយន្តរបស់លោក Vu The Phuong​ បើករាំងផ្លូវមិនឲ្យវ៉ាតែម្តង។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា បើទោះជាបានឮសំឡេងស៊ឺរ៉ែនសុំផ្លូវរបស់រថយន្តសង្គ្រោះបន្ទាន់ក៏ដោយ តែលោក Vu The Phuong មិនបានខ្វល់នោះទេ ដោយគាត់នៅបន្តបើកបររាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់ក្នុងចម្ងាយជាង ៤ គីឡូម៉ែត្រឯណោះ។ សកម្មភាពរបស់លោក Vu The Phuong ​ត្រូវបានគេមើលឃើញថា គឺជាការបំពានទាំងស្រុងទៅនឹងច្បាប់បើកបរក្នុងប្រទេសវៀតណាម ខណៈអាជ្ញាធរក៏បានអនុវត្តច្បាប់ចំពោះគាត់ភ្លាមៗផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត