អ៊ុយក្រែនសម្រេចរឹតបន្តឹងការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស ក្រោយរុស្ស៊ីបានវាយប្រហាររោងចក្រផលិតថាមពលជាច្រើនកន្លែង
អ៊ុយក្រែន៖ ជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានឲ្យដឹងថា អាជ្ញាធរអ៊ុយក្រែននឹងរឹតបន្តឹងការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះតទៅ ដើម្បីឆ្លើយតបនឹងបរិមាណនៃប្រភពថាមពលអគ្គិសនីដែលអាជ្ញាធរកំពុងមាននៅពេលនេះ។ យោងតាមការចុះផ្សាររបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា វិធានការរបស់អាជ្ញាធរអ៊ុយក្រែននៅពេលនេះគឺត្រូវបានដាក់ចេញ ក្រោយពេលដែលកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារជាបន្តបន្ទាប់នៅលើទីតាំងដែលមានរោងចក្រថាមពលរបស់អ៊ុយក្រែន និងធ្វើឲ្យរោងចក្រផលិតថាមពលអគ្គិសនីជាច្រើនត្រូវរងនូវការខូចខាតមិនអាចដំណើរបាន។
ប្រភពខាងលើបានបន្តថា គិតត្រឹមក្នុងសប្តាហ៍នេះស្ថានីយ៍ផលិតថាមពលអគ្គិសនីនៅក្នុងប្រទេសអ៊ុយក្រែនប្រមាណជា ៣០% បានរងនូវការវាយប្រហារដោយយន្តគ្មានមនុស្សបើករបស់រុស្ស៊ី ខណៈប្រព័ន្ធថាមពលមួយចំនួនត្រូវបានបំផ្លាញទាំងស្រុងតែម្តង ពោលគឺគេមិនអាចជួសជុលសម្រាប់ប្រើប្រាស់នៅពេលក្រោយបានវិញនោះទេ។ បើតាមអាជ្ញាធរថាមពលអ៊ុយក្រែនបញ្ជាក់ថា វិធានការរឹងបន្តឹងការប្រើប្រាស់ថាមពលអគ្គិសនីដែលនឹងអនុវត្តនៅទូទាំងប្រទេសអ៊ុយក្រែនមានដូចជា បិទអំពូលភ្លើងដែលមិនសូវចាំបាច់នៅទីសាធារណៈឬនៅតាមដងផ្លូវ ហើយនៅតាមផ្ទះវិញប្រជាពលរដ្ឋម្នាក់ៗក៏ត្រូវតែចូលរួមសន្សំសំចៃថាមពលអគ្គិសនីផងដែរ ខណៈនៅចន្លោះពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១យប់ តំបន់ខ្លះអាចនឹងប្រឈមនឹងបញ្ហាដាច់ភ្លើងក្នុងរយៈពេលខ្លីតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

