Google កំពុងរងការផាកពិន័យខ្ទង់ ១៦២លានដុល្លារក្នុងទីផ្សារប្រទេសឥណ្ឌា
(បរទេស)៖ ក្រុមហ៊ុន Google ត្រូវបានពិន័យជាប្រាក់ជាង ១៦០លានដុល្លារដោយអ្នកឃ្លាំមើលការប្រឆាំងការជឿទុកចិត្តរបស់ប្រទេសឥណ្ឌាបន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ក្រុមហ៊ុនច្ចេកវិទ្យាយក្សនេះកំពុងរំលោភលើតួនាទីរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនក្នុងស្រុក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
យោងតាមទីភ្នាក់ងារស្រាវជ្រាវ Counterpoint បានឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google គឺជាអ្នកលេងបច្ចេកវិទ្យាលេចធ្លោជាងគេនៅក្នុងប្រទេសឥណ្ឌ ខណៈបច្ចុប្បន្ននេះ Google កាន់កាប់លើដំណើរការ ៩៥ភាគរយនៃស្មាតហ្វូនទាំងអស់របស់ប្រទេសឥណ្ឌា។
ដោយឡែកកាលពីពេលថ្មីៗនេះ គណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌា (CCI) បាននិយាយថា Google បានកំណត់រចនាសម្ព័ន្ធ Platform ដើម្បីប្រមូលផ្តុំគូរប្រជែងដោយខុសច្បាប់ចំពោះកម្មវិធីពេញនិយមរបស់ខ្លួនរួមទាំង YouTube និង Web browser Chrome ថែមទៀតផង។
ជុំវិញបញ្ហានេះបើតាមសេចក្តីថ្លែងការណ៍របស់ CCI បានគូសបញ្ជាក់ថា នៅពេលដែលអ្នកប្រើប្រាស់ Android ចូលទៅប្រើកម្មវិធី Search Engine ដើម្បីស្វែងរកខ្លឹមសារណាមួយនោះ គឺ Google តែងតែរុញទៅឱ្យអ្នកប្រើប្រាស់ចូលទៅកាន់ YouTube ឬ ចូលទៅកាន់ Google Chrome របស់ខ្លួនជៀសជាងបង្ហាញខ្លឹមសារដែលកំពុងស្វែងរកនោះ។ ខណៈការធ្វើបែបនេះត្រូវបានគេអះអាងថា Google កំពុងតែរំលោភលើទីផ្សារផ្តាច់មុខរបស់ខ្លួន ក៏ដូចជាបង្ហាញពីការរារាំងដៃគូរប្រកួតប្រជែងរបស់ខ្លួនយ៉ាងខ្លាំងនៅលើស្មាតហ្វូន Android។
គួរបញ្ជាក់ដែរថា គណៈកម្មាការបានពិន័យជាប្រាក់សរុបចំនួន ១៦២លានដុល្លារជុំវិញបញ្ហានេះ ហើយថែមទាំងណែនាំ Google ឱ្យឈប់បង្ខំអ្នកប្រើប្រាស់ Android ឱ្យធ្វើតាមការណែនាំរបស់ខ្លួន ព្រមទាំងអនុញ្ញាតឱ្យដៃគូរប្រកួតប្រជែងអាចដំណើរការបានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews




