ព័ត៌មានអន្តរជាតិ October 25, 2022

គុណភាពខ្យល់ PM2.5 នៅក្នុងតំបន់ចំនួន ១៤ នៅទីក្រុងបាងកក បានឈានដល់កម្រិតគ្មានសុវត្ថិភាព

Khmerpress

រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា គុណភាពខ្យល់នៅក្នុងតំបន់ចំនួន ១៤ នៅទីក្រុងបាងកក និងតំបន់ជុំវិញ បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពកាលពីព្រឹកថ្ងៃអង្គារនេះ។ ពោលគឺកម្រិត PM2.5 (ល្អិតធូលីតូចជាង ២.៥ មីក្រូម៉ែត្រ) នៅក្នុងតំបន់ទាំងនោះ គឺស្ថិតនៅក្នុងចន្លោះពី ៣០-៧០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ខណៈស្តង់ដាររបស់ប្រទេសថៃ សម្រាប់កម្រិតសុវត្ថិភាព PM2.5 នៅលើអាកាស គឺ ៥០ μg/m3 ឬទាបជាងនេះ។ គិតត្រឹមម៉ោង ៧ ព្រឹក តំបន់ដែលមានការបំពុលមានដូចជា៖ ស្រុក Wang Thonglang, Pathumwan, Yannawa, Khlong San, Bangkok Yai, Bangkok Noi, Taling Chan, Thawi Watthana, Phasi Charoen, Nong Khaem, Bang Bon, Bang Sue, Bueng Kum និង Bang Phlat ។

BMA បាននិយាយថា ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីថ្ងៃទី២៥-៣០ ខែតុលា សម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃភាគខាងលើ បានបណ្តាលឱ្យមានការថយចុះនៃចរន្តខ្យល់ ដែលបណ្តាលឱ្យមានការកើនឡើងនៃភាគល្អិតធូលី។ អាជ្ញាធរទីក្រុងបានណែនាំប្រជាជននៅតំបន់ ដែលគុណភាពខ្យល់មិនល្អ ជៀសវាងសកម្មភាពក្រៅផ្ទះ ឬកាត់បន្ថយពេលវេលា ដែលពួកគេចំណាយពេលនៅខាងក្រៅ។ ស្ថានភាពកម្រិត PM2.5 អាចតាមដានបាននៅលើគេហទំព័រ bangkokairquality.com, pr-bangkok.com, នាយកដ្ឋានបរិស្ថានទីក្រុងបាងកក, នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេងរំខាន, ទំព័រហ្វេសប៊ុក BMA, ឬកម្មវិធីស្មាតហ្វូន AirBKK ។ BMA បានបន្ថែមថា មនុស្សក៏អាចរាយការណ៍តម្រុយអំពីប្រភពនៃការបំពុលខ្យល់តាមរយៈកម្មវិធី Traffy Fondue ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត