ព័ត៌មានអន្តរជាតិ October 28, 2022

ការសិក្សាមួយបង្ហាញថា ការលេងហ្គេមក្នុងកម្រិតសមរម្យអាចជួយឲ្យកុមារមានគំនិតច្នៃប្រឌិត និងភាពវ័យឆ្លាត

Khmerpress

អាមេរិក៖ ឪពុកម្តាយជាច្រើនតែងមានការព្រួយបារម្ភនៅពេលដែលឃើញកូនៗរបស់ពួកចំណាយពេលយ៉ាងច្រើនដើម្បីលេងហ្គេម ដោយពួកគាត់គិតថាការលេងហ្គេមច្រើនអាចធ្វើឲ្យក្មេងៗមានបញ្ហាសុខភាពផ្សេងៗដូចជា បញ្ហាភ្នែក បញ្ហាផ្លូវចិត្ត ឡើងទម្ងន់ ឬវក់ខ្លាំងរហូតភ្លេចការរៀនសូត្រជាដើម។ បើទោះជាហ្គេមអាចផ្តល់នូវគុណវិបត្តិខ្លះដូចការព្រួយបារម្ភខាងលើនេះក៏ដោយ តែមានការសិក្សាមួយបានរកឃើញថា វីដេអូហ្គេមក៏បានផ្តល់នូវគុណសម្បត្តិចំពោះកុមារផងដែរ ពោលគឺការលេងហ្គេមបានជួយធ្វើឲ្យខួរក្បាលកុមារលូតលាស់យ៉ាងល្អប្រសើរ ឬនិយាយដោយស្រួលស្តាប់ថា ការលេងហ្គេមបានជួយឲ្យកុមារមានភាពវ័យឆ្លាត។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Vermont សហរដ្ឋមេរិក និងត្រូវបានចុះផ្សាយសាធារណៈដោយទិនានុប្បវត្តិ JAMA Network Open ។ នៅក្នុងការសិក្សាគេបានស្ទង់មតិកុមារដែលមានអាយុ ៩-១០ឆ្នាំ ប្រមាណជា ២,០០០នាក់ ដោយក្នុងនោះមានទាំងកុមារដែលមានទម្លាប់លេងហ្គេម ៣ម៉ោងឬច្រើនជាង ៣ម៉ោងក្នុងមួយថ្ងៃ និងក្រុមកុមារដែលមិនធ្លាប់លេងហ្គេមទាល់តែសោះ។ លទ្ធផលនៃសិក្សាបានបង្ហាញថា ក្រុមកុមារដែលមានទម្លាប់លេងហ្គេមគឺមានគំនិតច្នៃប្រឌិតនិងភាពវ័យឆ្លាតជាងកុមារដែលមិនធ្លាប់លេងហ្គេមទាល់តែសោះ។ យ៉ាងណាក្តី លោកសាស្រ្តចារ្យ Bader Chaarani ដែលជាអ្នកដឹកនាំការសិក្សាខាងលើនេះបានបញ្ជាក់ថា បើទោះជាហ្គេមអាចជួយឲ្យកុមារមានភាពវ័យឆ្លាតក៏ដោយ តែឪពុកម្តាយត្រូវចេះកំណត់រយៈពេលនៃការលេងរបស់ក្មេងៗឲ្យបានច្បាស់លាស់ ពោលគឺកុំឲ្យពួកគេលេងតាមតែចិត្តឲ្យសោះ ព្រោះពួកគេអាចធ្លាក់ដល់ចំណុចគ្រោះថ្នាក់មួយគឺ “មានជំងឺញៀនហ្គេម”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត