ព័ត៌មានអន្តរជាតិ October 28, 2022

លោក Zelensky៖ ត្រឹមរយៈពេល ២ថ្ងៃ មានដ្រូនពិឃាដច្រើនជាង ៣០គ្រឿង ត្រូវបានរុស្ស៊ីប្រើប្រាស់សម្រាប់ការវាយប្រហារនៅអ៊ុយក្រែន

Khmerpress

ប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាង ៣០ គ្រឿង មកលើអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ។ លោកបានបន្ថែមថា សរុបមកទីក្រុងមូស្គូ បានធ្វើការវាយប្រហារដោយមីស៊ីលចំនួន ៤ ៥០០ គ្រាប់ និងការវាយប្រហារតាមផ្លូវអាកាសជាង ៨ ០០០ លើក ផងដែរ។ ថ្លែងពីទីក្រុងគៀវ ហើយឈរនៅក្បែរអ្វីដែលមើលទៅដូចជាយន្តហោះគ្មានមនុស្សបើកម៉ាក Shahed របស់អ៊ីរ៉ង់ លោក Zelensky បានសន្យាថា នឹងទប់ស្កាត់កម្លាំងអាកាសរបស់ទីក្រុងម៉ូស្គូ។ ចំណែកមន្ត្រីលោកខាងលិចជឿថា អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកមួយចំនួនធំដល់រុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូ និងក្រុងតេអេរ៉ង់បានបដិសេធ។

វាបានកើតឡើងនៅចំពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានហៅការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកយ៉ាងគឃ្លើនរបស់រុស្ស៊ីថា ជារឿងគួរឱ្យខ្លាច។ លោកបានចោទថា រុស្ស៊ីប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីសម្លាប់ជនស៊ីវិលអ៊ុយក្រែន និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដែលពួកគេពឹងផ្អែកលើអគ្គិសនី ទឹក និងកម្ដៅ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រដ្ឋធានី Ottawa របស់ប្រទេសកាណាដា។ លោក Blinken បាននិយាយថា៖«កាណាដា និងសហរដ្ឋអាមេរិក នឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីបង្ហាញ ទប់ស្កាត់ និងប្រឆាំងនឹងការផ្តល់អាវុធទាំងនេះរបស់អ៊ីរ៉ង់»។

បណ្តាប្រទេសលោកខាងលិចនិយាយថា អ៊ីរ៉ង់កំពុងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដែលផលិតក្នុងស្រុករបស់ខ្លួន ដល់ទីក្រុងមូស្គូ ហើយថា អ្នកជំនាញយោធាអ៊ីរ៉ង់កំពុងឈរជើងនៅតំបន់គ្រីមៀ ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់រុស្ស៊ី។ ទីក្រុងគៀវ ក៏បានកំណត់អត្តសញ្ញាណយន្តហោះគ្មានមនុស្សបើក ដែលប្រើក្នុងការវាយប្រហារមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដូចជា Shahed-136 ឬ Kamikaze ដែលត្រូវបានដាក់ឈ្មោះតាមអ្នកបើកយន្តហោះចម្បាំងជប៉ុនម្នាក់ ដែលបានហោះហើរបេសកកម្មអត្តឃាតនៅក្នុងសង្គ្រាមលោកលើកទី២៕