បុរសម្នាក់ត្រូវឆ្នោតរង្វាន់ធំជាង ៣០លានដុល្លារ តែរូបគាត់សម្រេចលាក់បាំងរឿងនេះមិនឲ្យប្រពន្ធនិងកូនដឹងឡើយព្រោះហេតុផលមួយនេះ
ចិន៖ បុរសជនជាតិចិនម្នាក់មានសំណាងត្រូវឆ្នោតរង្វាន់ធំដែលមានតម្លៃជាទឹកប្រាក់ចំនួន ២២០លានយន់ (ជាង ៣០លានដុល្លារអាមេិរក) តែរូបគាត់បានសម្រេចលាក់រឿងដ៏សែនរីករាយមួយនេះមិនឲ្យប្រពន្ធនិងកូនរបស់គាត់ដឹងនោះទេ ព្រោះរូបគាត់មានហេតុផលផ្ទាល់ខ្លួនមិនគួរឲ្យជឿមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Asia One បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ខណៈបុរសកំពូងសំណាងរូបនេះមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គាត់ឡើយ ហើយអ្វីដែលគេបានដឹងអំពីគាត់នោះគឺគាត់ជាបុរសដែលមានវ័យ ៤០ឆ្នាំម្នាក់។
ក្នុងពេលមកទទួលរង្វាន់បុរសរូបនេះបានស្លៀកពាក់ជាតុក្កតាពណ៌លឿងដើម្បីបិទបាំងមុខមាត់ពិតប្រាកដរបស់គាត់ និងបានប្រាប់ឲ្យគេហៅឈ្មោះក្លែងក្លាយថា “Ly”។ ប្រភពខាងលើបានបន្តថា លោក Ly បានទិញឆ្នោតចំនួន ៤០សន្លឹកក្នុងតម្លៃត្រឹមតែ ៨០យន់ ( ១១ដុល្លារអាមេរិក) ប៉ុណ្ណោះ ហើយសន្លឹកឆ្នោតចំនួន ៧ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់នោះបានត្រូវរង្វាន់ធំ ដែលតម្លៃសរុបរហូតដល់ ២២០លានយន់។ ភ្លាមៗក្រោយទទួលបានប្រាក់រង្វាន់លោក Ly បានបរិច្ចាគដល់មូលនិធិសប្បុរសធម៌ចំនួន ៥លានយន់ (ជាង ៦៨ម៉ឺនដុល្លារ) ហើយចំពោះហេតុផលដែលគាត់សម្រេចមិនប្រាប់រឿងនេះទៅកាន់ប្រពន្ធនិងកូនរបស់គាត់គឺគាត់បារម្ភខ្លាចថា សមាជិកគ្រួសាររបស់គាត់នឹងមានអាម្មរណ៍ក្រអើតក្រទមខ្លាំងជាមួយនឹងប្រាក់រហូតធ្វើឲ្យពួកគេខ្ជិល លែងធ្វើការងារ និងភ្លេចការសិក្សាជាដើម។ លោក Ly បានបញ្ជាក់ថា ពេលនេះគាត់កំពុងតែគិតថា តើនឹងត្រូវចាត់ចែងប្រាក់ទាំងអស់នោះដោយរបៀបណាដើម្បីកុំឲ្យមានផលអវិជ្ជមានកើតឡើងទាំងចំពោះរូបគាត់និងក្រុមគ្រួសារ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
លោក Ly (រូបខាងស្តាំ) ស្លៀកពាក់ជាតុក្កតាពេលមកបើកប្រាក់រង្វាន់
