ព័ត៌មានអន្តរជាតិ November 1, 2022

លោក វ្ល៉ាឌីមៀ ពូទីន បានផ្អាកកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ

Khmerpress

ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីកំពុងផ្អាកប៉ុន្តែមិនបញ្ចប់ ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យឆ្លងកាត់ដោយសុវត្ថិភាព ចំពោះកប៉ាល់ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិមួយនេះកាលពីថ្ងៃសៅរ៍ ដោយបានចោទប្រកាន់ថា អ៊ុយក្រែនបានប្រើប្រាស់ច្រករបៀងសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ ដើម្បីវាយប្រហារកងនាវារបស់ខ្លួន។ យ៉ាងណា UN និយាយ​ថា​ យប់​នោះ​គ្មាន​កប៉ាល់​នៅ​ច្រក​របៀង​នោះទេ ខណៈអ៊ុយក្រែនក៏​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ដូចគ្នា។

ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ទោះបីជាមានការដកខ្លួនចេញក៏ដោយ កប៉ាល់ចំនួន ១២ ដែលមានផ្ទុកអាហារ រួមទាំងគ្រាប់ធញ្ញជាតិចំនួន ៣៥៤,៥០០ តោន បានចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ អ្នកនាំពាក្យរបស់រដ្ឋបាលយោធា Odesa ដកស្រង់ដោយ រ៉យទ័រ បាននិយាយថា នេះជាបរិមាណនៃការនាំចេញច្រើនបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិបានចាប់ផ្តើម។ ក្រសួងហេដ្ឋារចនាសម្ព័ន្ធបានបន្ថែមថា កប៉ាល់មួយក្នុងចំណោមកប៉ាល់ដែលផ្ទុកគ្រាប់ធញ្ញជាតិ ៤០,០០០ តោន ត្រូវបានតម្រង់ទៅកាន់ប្រទេសអេត្យូពី ជាកន្លែងដែលមានការខ្វះខាតបំផុត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត