ជប៉ុនណែនាំឲ្យពលរដ្ឋសន្សំសំចៃថាមពលអគ្គិសនីក្នុងរដូវរងានេះ ដើម្បីចៀសវាងវិបត្តិខ្វះអគ្គិសនីធ្ងន់ធ្ងរ
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកាម្សិលមិញនេះបានជូនដំណឹងឲ្យប្រជាពលរដ្ឋត្រូវចេះសន្សំសំចៃថាមលអគ្គិសនីនៅក្នុងរដូវរងាខាងមុខនេះ ដ្បិតនាពេលកន្លងមកតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីតែងមានការឡើងយ៉ាងច្រើនក្នុងអំឡុងពេលដែលអាកាសធាតុបានចុះត្រជាក់ខ្លាំង។ តាមគម្រោងគឺរដ្ឋាភិបាលជប៉ុននឹងអនុវត្តគម្រោងសន្សំសំចៃថាមពលអគ្គិសនីនេះចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣។
បើតាមលោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនបានបញ្ជាក់ថា ហេតុផលដែលពលរដ្ឋត្រូវចូលរួមសន្សំសំចៃថាមពលអគ្គិសនីគឺដើម្បីទប់ស្កាត់កុំប្រទេសជប៉ុនត្រូវជួបវិបត្តិខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់កម្រិតខ្ពស់ ដ្បិតក្នុងអំឡុងពេលនេះពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ និងខ្វះខាតហ្គាសសម្រាប់ប្រើប្រាស់ស្រាប់ហើយ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះបានបន្តថា ដើម្បីធ្វើការសន្សំសំចៃថាមពលអគ្គិសនីឲ្យមានប្រសិទ្ធភាពគឺទាមទារឲ្យពលរដ្ឋនៅតាមផ្ទះ កន្លែងប្រកបអាជីវកម្ម និងកន្លែងសាធារណៈមួយចំនួនត្រូវអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនកម្តៅ ម៉ាស៊ីនទឹកក្តៅ និងឧបករណ៍អេឡិចត្រូនិចមិនសូវចាំបាច់មួយចំនួនទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

