បុរសអាយុ ៦១ឆ្នាំម្នាក់ធ្លាប់បានរៀបការរហូតដល់ ៨៧ដង ខណៈរូបគាត់កំពុងត្រៀមរៀបការលើកទី ៨៨
ឥណ្ឌូនេស៊ី៖ បុរសសម្បូរស្នេហ៍ម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន Next Shark រាយការណ៍នៅព្រឹកថ្ងៃសុក្រ ទី៤ ខែវិច្ឆិកានេះថា បានរៀបការអស់ចំនួន ៨៧ដងហើយ ខណៈរូបគាត់ក៏កំពុងពិចារណាអំពីជម្រើសនៃការរៀបការលើកទី ៨៨ផងដែរ។ បុរសដែលជាម្ចាស់កំណត់ត្រាមានប្រពន្ធច្រើនរូបនេះមានឈ្មោះថា Kaan បច្ចុប្បន្នមានអាយុ ៦១ កំពុងរស់នៅក្នុងតំបន់ Majalengka ក្នុងខេត្ត West Java នៃប្រទេសឥណ្ឌូនេស៊ី ហើយរូបគាត់ត្រូវបានគេដាក់រហ័សនាមឲ្យថា “Playboy King”។
ប្រភពខាងលើបានបន្តថា លោក Kaan បានរៀបការដំបូងនៅអាយុ ១៤ឆ្នាំ ខណៈរៀបការបាន ២ឆ្នាំគាត់ក៏បានធ្វើការលែងលះគ្នាជាលើកដំបូង ពោលគឺនៅពេលដែលគាត់មានអាយុត្រឹម ១៦ឆ្នាំប៉ុណ្ណោះ។ បន្ទាប់មកទៀតលោក Kaan ក៏បានរៀបការនិងលែងលះជាមួយប្រពន្ធជាច្រើននាក់ផ្សេងទៀតជាបន្តបន្ទាប់គ្នា ហើយគិតត្រឹមពេលនេះគឺគាត់បានរៀបការនិងលែងលះគ្នាសរុបចំនួន ៨៧ដងហើយ។ លោក Kaan បានប្រាប់ថា ពេលនេះគាត់បានទទួលសំណើពីអតីតប្រពន្ធរបស់គាត់ម្នាក់ដែលចង់រៀបការជាមួយគាត់ម្តងទៀត តែគាត់មិនទាន់ឆ្លើយយល់ព្រមនៅឡើយទេ ខណៈបើគាត់រៀបការម្តងនេះទៀត គឺវានឹងក្លាយជាការរៀបការលើកទី ៨៨ហើយនៅក្នុងជីវិតរស់គាត់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
