អង្គការសុខភាពពិភពលោក ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករកសិដ្ឋានចំនួន ២នាក់ នៅក្នុងប្រទេសអេស្ប៉ាញ
អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញ បានរាយការណ៍ពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករចំនួន ២នាក់ ដែលធ្វើការនៅក្នុងកសិដ្ឋានតែមួយ បន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងនៅក្នុងចំណោមបក្សី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ។ ដោយមើលឃើញពីផលប៉ះពាល់លើសុខភាពសាធារណៈ ការឆ្លើយតបពហុវិស័យ រួមទាំងវិធានការគ្រប់គ្រង ការការពារ និងការរកមើលឱ្យទាន់ពេលវេលា ត្រូវបានផ្តួចផ្តើមនៅក្នុងកសិដ្ឋានបសុបក្សីមួយនោះ។ ការចម្លងលើកម្មករទាំង ២នាក់ ទំនងជាដោយសារតែពួកគាត់បានប៉ះពាល់ជាមួយបក្សីដែលមានមេរោគ ឬបរិស្ថានកខ្វក់។
កម្មករទាំង ២នាក់ មិនមានរោគសញ្ញាអ្វីឡើយ ហើយពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ពួកគេធ្វើតេស្តអវិជ្ជមានពីជំងឺផ្តាសាយបក្សី H5N1 ឡើងវិញ។ បន្ទាប់ពីការផ្ទុះឡើងនេះ កម្មករកសិដ្ឋានទាំងអស់ និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ សុទ្ធតែត្រូវបានធ្វើតេស្តទាំងអស់។ ក្រសួងសុខាភិបាលអេស្ប៉ាញមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស សម្រាប់ជំងឺផ្តាសាយបក្សី H5N1 នោះទេ។
ជម្រាបដែរថា ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ចំពោះមនុស្ស អាចមានចាប់ពីការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើដោយមិនចេញរោគសញ្ញា ឬកម្រិតស្រាល រហូតដល់ការវិវត្តយ៉ាងឆាប់រហ័សទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ រោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ចុះសម្ពាធឈាមធ្ងន់ធ្ងរ (shock) និងរហូតដល់ស្លាប់។ គួរឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៣ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ករណីលើមនុស្សសរុបចំនួន ៨៦៨ ករណី រួមទាំងករណីទាំង ២ នៅក្នុងប្រទេសអេស្ប៉ាញ ហើយករណីស្លាប់ចំនួន ៤៥៦ ករណី ត្រូវបានរាយការណ៍ទូទាំងពិភពលោកពីប្រទេសចំនួន ២១ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
