អាមេរិកផ្តល់ជំនួយផ្នែកសន្តិសុខតម្លៃ ៤០០លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន
អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអនុម័តផ្តល់ជំនួយផ្នែកសន្តិសុខ ដែលមានតម្លៃ ៤០០លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយថ្មីនេះរួមមានរថក្រោះប្រភេទ T-72 មីស៊ីលប្រភេទ HAWK ប្រព័ន្ធការពារដែនអាកាសប្រភេទ HAWK យន្តហោះគ្មានមនុស្សបើកប្រភេទ Phoenix Ghost និងសម្ភារយោធាសំខាន់ៗមួយចំនួនទៀតផងដែរ។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានប្រកាសផ្តល់ជំនួយខាងលើនេះ អាមេរិកក៏គ្រោងនឹងសហការជាមួយប្រទេសហូឡង់ដើម្បីអនុវត្តគម្រោងជួសជុលរថក្រោះប្រភេទ T-72 ចំនួន ៩០គ្រឿងផ្សេងទៀតសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែននៅចុងឆ្នាំនេះផងដែរ។ គួរបញ្ជាក់ថា រថយន្តក្រោះប្រភេទ T-72 គឺជារថយន្តក្រោះស៊េរីចាស់ ដែលគេធ្លាប់ប្រើប្រាស់នៅក្នុងសម័យសូវៀត ហើយការជួសជុលរថក្រោះទាំងនេះគឺជាការកែលម្អនិងធ្វើទំនើបកម្មដើម្បីឲ្យរថក្រោះមានលក្ខណៈទំនើបជាងមុន។ បើតាមលោកស្រី Sabrina Singh ដែលជាអ្នកនាំពាក្យឲ្យក្រសួងការពារអាមេរិកបានបញ្ជាក់ថា គម្រោងជួសជុលរថយន្តក្រោះខាងលើនេះនឹងត្រូវធ្វើឡើងនៅក្នុងសាធារណរដ្ឋឆេក ហើយបន្ទាប់ពីជួសជុលរួចគឺគេរៀបចំបញ្ជូនរថក្រោះទាំងនោះទៅកាន់ប្រទេសអ៊ុយក្រែនតែម្តង ខណៈអាមេរិកនិងហូឡង់គឺជាអ្នកទទួលខុសត្រូវលើការចំណាយទាំងអស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

