ព័ត៌មានអន្តរជាតិ November 5, 2022

អតីតបុគ្គលិក Twitter ចំនួន ៥នាក់ដាក់ពាក្យប្តឹងភ្លាមៗ បន្ទាប់ពីទទួលបានអុីមែលបញ្ឈប់ការងារ

Khmerpress

(បរទេស)៖ បន្ទាប់ពីការប្រកាសបង្ហាញរបស់ Twitter នៅថ្ងៃសុក្រទាក់ទិននឹងការសម្រេចបញ្ឈប់បុគ្គលិកជិត ៤ពាន់នាក់តាមរយៈការផ្ញើអុីមែល ពេលនេះ Twitter ត្រូវបានអតីតបុគ្គលិកចំនួន ៥នាក់បានដាក់ពាក្យប្តឹងភា្លមៗតែម្តង។ ពោលគឺ ពួកគេមិនត្រូវបានផ្តល់ព័ត៌មានគ្រប់គ្រាន់នៅក្រោមច្បាប់ស្តីពីការកែសម្រួល និងការជូនដំណឹងស្តីពីការបណ្តុះបណ្តាលបុគ្គលិកសហព័ន្ធ (WARN) ដែលតម្រូវឱ្យនិយោជកជូនដំណឹងជាមុន ជាទូទៅក្នុងរយៈពេល ៦០ថ្ងៃ មុនការបញ្ឈប់ការងារ ឬការបិទរោងចក្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំពោះពាក្យបណ្តឹងនេះត្រូវបានដាក់ប្តឹងនៅក្នុងតុលាការសហព័ន្ធ San Francisco ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកម្លេះក្នុងអំឡុងពេល Musk ប្រកាសថាលោកគ្រោងបញ្ឈប់បុគ្គលិកប្រមាណ ៣៧០០នាក់។ ដោយពាក្យបណ្តឹងនោះត្រូវបានធ្វើឡើងដោយបុគ្គលិក Twitter បច្ចុប្បន្ន ឬអតីបុគ្គលិក ៥នាក់រួមទាំងលោក Emmanuel Cornet ដែលជាវិស្វករផ្នែក Software របស់ Twitter ខណៈលោកត្រូវបានបណ្តេញចេញពីការងារកាលពីដើមសប្តាហ៍នេះ។

យ៉ាងណាមិញជុំវិញពាក្យបណ្តឹងនេះ អតីតបុគ្គលិកទាំង ៥រូបខាងលើបានសុំឱ្យតុលាការចេញដីការដែលតម្រូវឱ្យ Twitter គោរពតាមច្បាប់ WARN របស់សហរដ្ឋអាមេរិក។ តែយ៉ាងណាប្រភពមិនបានបញ្ជាក់លម្អិតបន្ថែមទាក់ទិននឹងខ្លឹមសារពាក្យបណ្តឹងខាងលើនោះទេ។

គួរបញ្ជាក់ដែរថា នៅថ្ងៃសុក្រកន្លងទៅ Twitter បានប្រកាសបង្ហាញថា ក្រុមហ៊ុននឹងចាប់ផ្តើមផ្ញើអុីមែលទៅកាន់បុគ្គលិកប្រមាណ ៣៧០០នាក់ ជុំវិញការបញ្ឈប់ការងារ ថាតើបុគ្គលិករូបណាខ្លះនឹងត្រូវនៅ និងបុគ្គលិកណាខ្លះនឹងត្រូវទៅ។ ខណៈការប្រកាសបង្ហាញនេះត្រូវបានធ្វើឡើងភា្លមៗ បន្ទាប់ពីកិច្ចប្រជុំរវាង Musk និង មនុស្សជំនិតត្រូវបានបញ្ចប់៕ ផ្តល់សិទ្ធិដោយ៖ freshnews