ព័ត៌មានអន្តរជាតិ November 10, 2022

កំពូលអ្នកលក់ Online ចិនដែលធ្លាប់លក់បានលុយខ្ទង់ពាន់ដុល្លារក្នុងមួយថ្ងៃនឹងត្រូវអវត្តមានក្នុងព្រឹត្តិការណ៍លក់ទំនិញ Online ប្រចាំឆ្នាំនៅក្នុងឆ្នាំនេះព្រោះមានរឿងអាស្រូវជាប់ខ្លួន

Khmerpress

ចិន៖ កំពូលអ្នកលក់ Online របស់ប្រទេសចិនម្នាក់ ដែលធ្លាប់បំបែកកំណត់ត្រាលក់ទំនិញក្នុងទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ ត្រូវបានបណ្តាញសារព័ត៌មាន The Strait Times  រាយការណ៍ថា នឹងត្រូវអវត្តមាននៅក្នុងកម្មវិធីលក់ទំនិញ Online ប្រចាំឆ្នាំធំបំផុតសម្រាប់នៅក្នុង ២០២២នេះ។ គួរបញ្ជាក់ជូនថា កំពូលអ្នកលក់ទំនិញ Online ឬគេតែងហៅគាត់ថា ជាតារាក្នុងបណ្តាញសង្គមរូបនេះមានឈ្មោះថា Viya  ជាស្រ្តីមានវ័យ ៣៧ឆ្នាំ និងជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតលើបណ្តាញសង្គមក្នុងប្រទេសចិន។

គេនៅចាំបានថា កាលពីឆ្នាំកន្លងទៅគឺនៅក្នុងព្រឹត្តិការណ៍ទំនិញ Online ប្រចាំឆ្នាំស្រ្តីរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបគាត់បាន Live វីដេអូលក់ផលិតផលជាច្រើនរាប់ចាប់តាំងពីសាប៊ូកក់សក់រហូតដល់កន្សែងជូតខ្លួន ហើយក្នុងរយៈពេលត្រឹមតែ ១៤ម៉ោងប៉ុណ្ណោះ គាត់អាចទទួលបានការបញ្ជាទិញទំនិញក្នុងទំហំទឹកប្រាក់រហូតដល់ខ្ទង់ ១ពាន់លានដុល្លារ ខណៈនៅក្នុងព្រឹត្តិការណ៍លក់ទាំងមូលមានទំហំទឹកប្រាក់សរុបប្រមាណជា ៩៥២ពាន់លានយន់ ឬស្មើនឹងទឹកប្រាក់ប្រហែល ១៨៤ពាន់លានដុល្លារ។ ប្រភខាងលើបានបញ្ជាក់ថា ចំពោះហេតុផលដែលអ្នកនាង Viya ត្រូវអវត្តមានពីកម្មវិធីលក់ Online ប្រចាំឆ្នាំនៅក្នុងឆ្នាំនេះគឺដោយសារគាត់មានរឿងអាស្រូវជាច្រើន ជាពិសេសនោះគឺរឿងអាស្រូវដែលរូបគាត់មិនបានបង់ពន្ធជូនរដ្ឋាភិបាលតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត