វៀតណាមរកឃើញករណីដ៏កម្រម្យ៉ាង ដែលកូនភ្លោះនៅក្នុងផ្ទៃម្ដាយមានភេទ និងហ្សែនខុសគ្នា
វៀតណាមបានកត់ត្រាករណីដ៏កម្រមួយ ដែលកូនភ្លោះក្នុងផ្ទៃម្ដាយចំនួន ២នាក់ មានភេទ និងហ្សែនខុសៗគ្នា ហើយវាគឺជាករណីដំបូងបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រវៀតណាមពីមុននោះទេ។ វេជ្ជបណ្ឌិតលោកស្រី ង្វៀន ធីស៊ីម នៃមន្ទីរពេទ្យសម្ភព និងរោគស្ត្រីហាណូយ បាននិយាយកាលពីថ្ងៃពុធថា ស្ត្រីជាម្ដាយម្នាក់នោះអាយុ ២៣ឆ្នាំ និងកំពុងពពោះនៅក្នុងសប្ដាហ៍ទី១៨ របស់ខ្លួន។ ការធ្វើតេស្ត និងការស្កែនអ៊ុលត្រាសោន បានបង្ហាញឱ្យឃើញថា គភ៌ក្នុងពោះរបស់គាត់គឺជាកូនប្រុស ១ និងកូនស្រី ១ ខណៈកូនប្រុសមានហ្សែន 46XY ហើយស្រីមានហ្សែន 45X ។ លោកស្រី ស៊ីម បាននិយាយថា ករណីបែបនេះគឺកម្រមានណាស់នៅលើពិភពលោកនេះ ហើយវាក៏ជាករណីដំបូងសម្រាប់វៀតណាមផងដែរ។
ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា កូនប្រុសក្នុងផ្ទៃរបស់គាត់ក៏ខ្វះហ្សែន Y ផងដែរ ដែលវានឹងប៉ះពាល់ដល់សមត្ថភាពបន្តពូជរបស់គេនាពេលអនាគតផងដែរ។ វេជ្ជបណ្ឌិត ង្វៀន ធីស៊ីម បានបញ្ជាក់ដែរថា៖«ការធ្វើតេស្តបានបង្ហាញថា ឱកាសនៃការស្លាប់មុនកំណើតរបស់គភ៌នេះ គឺមានរហូតដល់ទៅ ៥០% ឯណោះ»។ កូនភ្លោះក្នុងផ្ទៃទាំង ២ ត្រូវបានបង្កកំណើតដោយធម្មជាតិពីឪពុកម្តាយដែលមានហ្សែនធម្មតា ហើយបញ្ហានេះបានចាប់ផ្ដើមតាំងតែពីពួកគេនៅជាស៊ុតបង្កកំណើត ឬស៊ីកូត (zygote) ប៉ុន្តែគ្រួសារមួយនេះមិនបោះបង់ក្ដីសង្ឃឹមនោះឡើយ ហើយបន្ដទុកគភ៌នៅក្នុងពោះរហូតមក។ ឥឡូវនេះ ក្រុមវេជ្ជបណ្ឌិតនឹងបន្ដតាមដានគភ៌តាមរយៈការធ្វើតេស្ដថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

