Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន និងលោក ស៊ី ជិនពីង នឹងជួបមុខគ្នាដោយផ្ទាល់ នៅឯកិច្ចប្រជុំកំពូល G20

BY Khmerpress November 11, 2022
លោក ចូ បៃដិន និងលោក ស៊ី ជិនពីង នឹងជួបមុខគ្នាដោយផ្ទាល់ នៅឯកិច្ចប្រជុំកំពូល G20

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាឱកាសដែល មេដឹកនាំទាំង២ ចូលរួមកិច្ចប្រជុំកំពូល G20 នៅសប្ដាហ៍ក្រោយ ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សេតវិមានបានឱ្យដឹងទៀតថា លោក បៃដិន នឹងត្រូវជួបលោក ស៊ី ជិនពីង នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី ហើយនឹងជជែកគ្នាពីបញ្ហាជាច្រើន ក្នុងនោះរួមមានកិច្ចខិតខំប្រឹងប្រែងរក្សា និងធ្វើឱ្យ កាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទាំង២ ក្នុងពេលកំពុងតានតឹងនឹងគ្នា។ បើតាមសេតវិមាន លោក បៃដិន និងលោក ស៊ី ជិនពីង ក៏នឹងពិភាក្សាគ្នាផងដែរពីទំនួលខុសត្រូវលើការគ្រប់គ្រងការប្រកួតប្រជែង និងពីរបៀបដែលធ្វើការងាររួមគ្នាលើផលប្រយោជន៍រួម ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានាដែលកំពុងជះឥទ្ធិពលដល់សហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា ការប្រកាសពីជំនួបខាងលើ កើតមានឡើងចំពេលដែលសហរដ្ឋអាមេរិក និងចិន កំពុងមានភាពតានតឹងនឹងគ្នាលើបញ្ហាជាច្រើនដូចជា គោលនយោបាពាណិជ្ជកម្ម ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន និងសំណុំរឿងតៃវ៉ាន់ជាដើម។ លោក បៃដិន និងលោក ស៊ី ជិនពីង ធ្លាប់បាន ពិភាក្សាគ្នាតាមវីដេអូជាច្រើនលើក ហើយជំនួបនៅកោះបាលី អាចនឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងបំផុតចាប់តាំងលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: