Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ស៊ូណាក់ ប្រាប់លោក ហ្សេលេនស្គី ថា អង់គ្លេសនឹងផ្តល់មីស៉ីល ១,០០០គ្រាប់បន្ថែម ព្រមទាំងសម្ភាររដូវរងា២៥,០០០ឈុត ដល់អ៊ុយក្រែន

BY Khmerpress November 11, 2022
លោក ស៊ូណាក់ ប្រាប់លោក ហ្សេលេនស្គី ថា អង់គ្លេសនឹងផ្តល់មីស៉ីល ១,០០០គ្រាប់បន្ថែម ព្រមទាំងសម្ភាររដូវរងា២៥,០០០ឈុត ដល់អ៊ុយក្រែន

(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបឱ្យដឹងថា លោកទើបតែបានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ដើម្បីពិភាក្សាអំពីការផ្តល់ការគាំទ្របន្ថែម​ដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានប្រាប់ថា កំលុងកិច្ចសន្ទនាខាងលើ បញ្ហានៃការបន្តផ្តល់ជំនួយយោធាសម្រាប់ប្រទេសលោក និងការជួយជ្រោម​កងទ័ពអ៊ុយក្រែន ដើម្បីឆ្លងកាត់រដូវរងាដ៏លំបាក ត្រូវបានលើកយកមកពិភាក្សា។ ដោយឡែក ខាងការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បានឱ្យដឹងថា ក្នុងជំនួបតាមទូរស័ព្ទនោះ លោក ស៊ូណាក់ បានសន្យាថា ទីក្រុងឡុងដ៍នឹងបញ្ជូន មីស៉ីលប្រភេទបាញ់ផ្ទៃដីទៅផ្ទៃអាកាស ១,០០០គ្រាប់ ព្រមទាំងសម្ភារទប់ទល់រដូវរងាជាង ២៥,០០០ឈុត សម្រាប់កងទ័ពអ៊ុយក្រែន។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន ចក្រភពអង់គ្លេស បានបន្តស្ថិតនៅជួរមុខនៃការគាំទ្ររបស់អន្តរជាតិ តាមរយៈ​ការផ្តល់ជំនួយទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខដល់ទីក្រុងកៀវ រួមជាមួយការផ្តល់ការហ្វឹកហាត់ដល់ ទាហានអ៊ុយក្រែនសរុបរាប់ពាន់នាក់ នៅក្នុងទឹកដីរបស់ខ្លួន។

អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ រដ្ឋធានីកៀវរបស់អ៊ុយក្រែនសរុបចំនួន ៣លើក ក្រោយសង្រ្គាមផ្ទុះឡើង។ ដោយឡែក យោងតាមសេចក្តីរាយការណ៍ព័ត៌មាន មួយរយៈចុងក្រោយនេះវិញ គឺគម្រោងទស្សនកិច្ចទៅកាន់​ទីក្រុងកៀវដោយលោក ស៊ូណាក់ ក៏កំពុងស្ថិតក្រោមដំណើរការរៀបចំផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: