ព័ត៌មានអន្តរជាតិ November 12, 2022

ក្រុមអ្នកជំនាញបង្ហាញក្តីព្រួយបារម្ភចំពោះជំងឺមួយប្រភេទ ដែលជាដើមហេតុបណ្តាលឲ្យស្រ្តីថៃ ១៣នាក់បាត់បង់ជីវិតជារៀងរាល់ថ្ងៃ

Khmerpress

ថៃ៖ អ្នកជំនាញផ្នែកសុខាភិបាលថៃជាច្រើននាក់បានបង្ហាញនូវការព្រួយបារម្ភថ្មីមួយចំពោះជំងឺមួយប្រភេទដែលត្រូវបានគេរកឃើញថា គឺជាដើមហេតុដែលបណ្តាលឲ្យមានស្រ្តីជនជាតិថៃស្លាប់បាត់បង់ជីវិតជាមធ្យមចំនួន ១៣នាក់នៅក្នុងមួយថ្ងៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ជំងឺដែលកំពុងស្ថិតក្រោមការបារម្ភរបស់ក្រុមអ្នកជំនាញថៃនេះគឺជាជំងឺកាមរោគប្រភេទ Human Papilloma Virus ឬគេតែងហៅកាត់ថា “HPV”។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា ជាង ៨០% នៃដៃគូរួមភេទនៅក្នុងប្រទេសថៃគឺមានហានិភ័យខ្ពស់ក្នុងឆ្លងនូវមេរោគ “HPV” ខណៈមេរោគមួយនេះអាចរស់នៅក្នុងខ្លួនអ្នកជំងឺក្នុងចន្លោះពេលពី ១០ ទៅ ២០ឆ្នាំឯណោះ។

របាយការណ៍ការបានបង្ហាញទៀតថា មេរោគ “HPV” បានជំរុញឲ្យអ្នកជំងឺជាស្រ្តីភាគច្រើនអាចកើតមានជំងឺមហារីកមាត់ស្បូន ហើយជំងឺដ៏កាច់សាហាវនេះហើយដែលជាឃាតករលាក់មុខសម្លាប់ស្រ្តីជនថៃជាច្រើននាក់ជារៀងរាល់ឆ្នាំ។ តួលេខនៅក្នុងរបាយការណ៍បានបង្ហាញថា នៅក្នុងមួយឆ្នាំៗមានស្រ្តីជនជាតិថៃរាប់ពាន់នាក់បានស្លាប់ដោយជំងឺមហារីកមាត់ស្បូន ហើយបើគិតជាមធ្យមគឺជំងឺមួយនេះបានផ្តាច់យកជីវិតស្រ្តីជនថៃចំនួន ១៣នាក់ជារៀងរាល់ថ្ងៃ ខណៈចំនួនអ្នកធ្វើតេស្តរកឃើញថាបានកើតជំងឺមហារីកមាត់ស្បូននៅទូទាំងប្រទេសថៃវិញគឺគិតជាមធ្យមមានចំនួន ២៥នាក់នៅក្នុងមួយថ្ងៃ។ ឆ្លើយតបចំពោះករណីដ៏គួរឲ្យព្រួយបារម្ភនេះ ក្រុមអ្នកជំនាញថៃបានអំពាវនាវឲ្យអ្នកដែលមានដៃគូរួមភេទច្រើនទាំងអស់ត្រូវចេះការពាខ្លួនពីជំងឺកាមរោគ និងត្រូវទៅពិនិត្យសុខភាពឲ្យបានជាចាំដើម្បីងាយព្យាបាលជំងឺឲ្យបានទាន់ពេលវេលាក្នុងករណីបានឆ្លងជំងឺធ្ងន់ធ្ងរណាមួយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត