Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក មិនចង់ផ្ទុះជម្លោះជាមួយចិនឡើយ, នេះជាការបញ្ជាក់របស់លោក ចូ បៃដិន មុនជួបលោក ស៊ី ជិនពីង នៅ G20

BY Khmerpress November 14, 2022
សហរដ្ឋអាមេរិក មិនចង់ផ្ទុះជម្លោះជាមួយចិនឡើយ, នេះជាការបញ្ជាក់របស់លោក ចូ បៃដិន មុនជួបលោក ស៊ី ជិនពីង នៅ G20

(ហ្សាការតា)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តបើកចំហបណ្ដាញទំនាក់ទំនង ហើយមិនចង់មានជម្លោះជាមួយនឹងចិនឡើយ មុននឹងលោកផ្ទាល់ត្រូវជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងជំនួបទល់មុខនៅឯកិច្ចប្រជុំកំពូល G20។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើង បន្ទាប់ពីលោកបានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រោយចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន និងមេដឹកនាំអាស៊ីបូព៌ា ក្នុងប្រទេសកម្ពុជា។ លោក បៃដិន បានគូសបញ្ជាក់បន្ថែមដូច្នេះថា «សហរដ្ឋអាមេរិកនឹងប្រកួត ប្រជែងយ៉ាងពេញទំហឹងជាមួយចិន ខណៈធានាឱ្យបានថាការប្រកួតប្រជែងនេះនឹងមិនផ្ទុះទៅជាជម្លោះទេ»។

គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ចូ​ បៃដិន នឹងត្រូវជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងជំនួបទល់មុខនៅថ្ងៃចន្ទនេះ នាឱកាសដែលមេដឹកនាំទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ហើយនេះនឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងបំផុតចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១មក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: