Elon Musk ទទួលបានសម្លេងគាំទ្រខ្ទង់ ៦០ភាគរយ ដែលអនុញ្ញាតឱ្យបើកគណនី Twitter របស់លោក Donald Trump វិញ
(បរទេស)៖ កន្លងមក Elon Musk ធ្លាប់បានសន្យាជាមួយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ថានឹងនាំយកគណនីរបស់លោកវិលត្រឡប់មកកាន់ Twitter នៅពេល Musk បិទបញ្ចប់កិច្ចព្រមព្រៀងទិញយកតម្លៃ ៤៤ពាន់លានដុល្លារ។ ដោយឡែកពេលនេះទំនងជាជិតបានសម្រចហើយ ដោយពេលថ្មីៗនេះ Musk ទើបតែធ្វើការស្ទង់មតិអ្នកប្រើប្រាស់នៅលើ Twitter Poll ខណៈដែលលទ្ធផលទទួលបងា្ហញពីការបោះឆ្នោតគាំទ្រប្រមាណ ៦០ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។
Elon Musk បានចាប់ផ្តើមការស្ទង់មតិតាមរយៈ Twitter កាលពីល្ងាចថ្ងៃសុក្រ ដោយស្នើឱ្យ Follower របស់លោកបោះឆ្នោតថាតើ «គួរតែអនុញ្ញាតបើកឱ្យគណនីរបស់លោក Donald Trump អាចដំណើរការដែរឬទេ?»។ ជាមួយគ្នានេះ Musk បានសរសេរពាក្យមួយឃ្លាជាអក្សរឡាតាំងថា «Vox Populi, Vox Dei» ដែលវាត្រូវបានគេគូសបញ្ជាក់ពីអត្ថន័យថា «សំឡេងរបស់ប្រជាជន គឺជាសំឡេងនៃព្រះ»។ ខណៈការស្ទង់មតិនេះនឹងត្រូវបានបើកត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកគាំទ្រការវិលត្រឡប់របស់លោក Trump មកវិញហាក់មានសម្លេងគាំទ្រច្រើនរហូតដល់ ៦០ភាគរយ។
ទាក់ទិននឹងការស្ទង់មិតិនេះ Musk បាននិយាយថា មិនទាន់មានការសម្រេចចិត្តនៅឡើយនោះទេ ស្របពេលនេះ Twitter កំពុងតែពិនិត្យមើលគណនីមួយចំនួនដែលត្រូវបានហាមឃាត់ ឬ ផ្អាក ឱ្យត្រឡប់មកដំណើរការធម្មតាវិញ ដោយក្នុងនោះគេហទំព័រ Babylon Bee និង Kathy Griffin ក៏គ្រោងនឹងអនុញ្ញាតឱ្យមកកាន់ Twitter វិញផងដែរ។
គួរបញ្ជាក់ដែរថា លោក Donald Trump ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពី Twitter បន្ទាប់ពីការវាយប្រហារដោយអ្នកគាំទ្ររបស់លោកទៅលើវិមាន Capitol របស់សហរដ្ឋអាមេរិក។ ទើបបណ្តាលឱ្យ Twitter សម្រេចចិត្តបិទគណនីនេះជាអចិន្ត្រៃយ៍តែម្តងបន្ទាប់ពីកុបកម្មនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយលើកឡើងពីហានិភ័យនៃការញុះញង់ឱ្យកើតមានអំពើហិង្សា៕ ផ្តល់សិទ្ធិដោយ៖ freshnews



