Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

WHO ព្រមានថាប្រជាជនអ៊ុយក្រែនរាប់លាននាក់ ប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត ក្នុងរដូវរងាឆ្នាំនេះ

BY Khmerpress November 22, 2022
WHO ព្រមានថាប្រជាជនអ៊ុយក្រែនរាប់លាននាក់ ប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត ក្នុងរដូវរងាឆ្នាំនេះ

(កៀវ)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាប្រជាជនអ៊ុយក្រែនរាប់លាននាក់ អាចនឹងប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត នៅក្នុងរដូវរងា ឆ្នាំនេះ ខណៈរុស្ស៉ីនៅតែបន្តវាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ការព្រមានខាងលើ ធ្វើឡើងដោយលោក ហាន់ គ្លូក (Hans Kluge) ជានាយក WHO ប្រចាំតំបន់អឺរ៉ុប នៅថ្ងៃចន្ទដើមសប្ដាហ៍កន្លងនេះ។ លោក ហាន់ បានបញ្ជាក់ ដូច្នេះថា «ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាងពាក់កណ្ដាល បានទទួលរងការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញ ដែលនេះបាន និងកំពុងបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល និងសុខភាពប្រជាជន»។ លោកបន្ថែមទៀតថារដូវរងានៅក្នុងឆ្នាំនេះ គឺនឹងក្លាយជាការតស៊ូដើម្បីរស់នៅ ដោយប្រជាជនអ៊ុយក្រែន ប្រហែលជា ១០លាននាក់ កំពុងគ្មានអគ្គិសនីប្រើប្រាស់ស្រាប់ រីឯជាង ៣លាននាក់ទៀតអាចនឹងចាកចេញពីផ្ទះសម្បែងដើម្បីស្វែងរកកន្លែងកក់ក្ដៅ និងមានសុវត្ថិភាព ខណៈសីតុណ្ហភាពអាចនឹងធ្លាក់ ២០អង្សាសេក្រោមសូន្យ នៅផ្នែកខ្លះនៃប្រទេសអ៊ុយក្រែនអ៊ុយក្រែន។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រុស្ស៉ីបានវាយប្រហារបំផ្លិចបំផ្លាញយ៉ាងដំណំលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស្ថានីយ៍ទឹកស្អាតនៅក្នុងប្រទេសអ៊ុយក្រែន ដោយបណ្ដាលឱ្យប្រជាជនអ៊ុយក្រែនគ្មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់ នៅចំពោះមុខការចូលមកដល់នៃរដូវរងា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: