ព័ត៌មានអន្តរជាតិ December 27, 2022

លោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសគ្រាអាសន្នសម្រាបរដ្ឋញូវយ៉ក ដែលកំពុងរងការវាយប្រហារដោយព្យុះរដូវរងា

Khmerpress

សេតវិមានកាលពីយប់ថ្ងៃចន្ទបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអនុម័តសំណើប្រកាសអាសន្នសម្រាប់រដ្ឋញូវយ៉ក ដើម្បីឆ្លើយតបទៅនឹងព្យុះរដូវរងា ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៨ នាក់ នៅភាគខាងលិចរបស់រដ្ឋនាពេលថ្មីៗនេះ។ នៅក្នុងការអនុញ្ញាតសំណើរបស់អភិបាលរដ្ឋលោកស្រី Kathy Hochul លោក ចូ បៃដិន ក៏បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធបន្ថែមទៀត ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋ និងជំនួយក្នុងតំបន់ ដោយសារលក្ខខណ្ឌគ្រាអាសន្នដែលបណ្តាលមកពីព្យុះរដូវរងា ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មភាពរបស់លោក បៃដិន អនុញ្ញាតឱ្យនាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទាំងអស់ ជាមួយនឹង «គោលបំណងនៃការសម្រាលភាពលំបាក និងការឈឺចាប់ ដែលបណ្តាលមកពីគ្រោះអាសន្នលើប្រជាជនក្នុងតំបន់ និងផ្តល់ជំនួយសមរម្យសម្រាប់វិធានការសង្គ្រោះបន្ទាន់ដែលត្រូវការ»។ រំលឹកដែរថា យ៉ាងហោចណាស់មនុស្ស ២៧ នាក់ នៅក្នុងទីក្រុង Buffalo ត្រូវបានបញ្ជាក់ថាបានស្លាប់ នៅក្នុងអ្វីដែលលោកស្រី Hochul បានពិពណ៌នាថាជា «ព្យុះបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ទីក្រុង Buffalo»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត