អាមេរិកកំពុងពិចារណាធ្វើតេស្តកូវីដ-១៩ចំពោះកាកសំណល់ទឹកទាំងអស់នៅលើយន្តហោះដឹកអ្នកដំណើរ ដើម្បីទប់ស្កាត់ការនាំចូលមេរោគពីប្រទេសចិន
អាមេរិក៖ សហរដ្ឋអាមេរិកកំពុងពិចារណាអំពីជម្រើសនៃការអនុវត្តវិធានការដ៏តឹងរឹងមួយដើម្បីទប់ស្កាត់ការនាំចូលមេរោគនៃជំងឺកូវីដ-១៩ពីក្រៅប្រទេស ដោយអាជ្ញាធរអាមេរិកគ្រោងនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ចំពោះកាកសំណល់ទឹកទាំងអស់ដែលមាននៅលើយន្តហោះដឹកអ្នកដំណើរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូនេះបានបញ្ជាក់ថា គម្រោងអនុវត្តវិធានការរបស់អាជ្ញាធរអាមេរិកដូចបានជម្រាបជូនខាងលើនេះគឺបានកើតឡើងក្រោយពេលដែលមានប្រភពក្រៅផ្លូវការជាច្រើនសុទ្ធតែបានអះអាងថា នៅក្នុងប្រទេសចិនកំពុងតែផ្ទុះការរាតត្បាតជំងឺកូវីដ-១៩យ៉ាងខ្លាំង។
គួរបញ្ជាក់ជូនថា បើយោងទៅតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិនបានបង្ហាញថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនមានចំនួនមិនច្រើនគួរឲ្យព្រួយបារម្ភនោះទេ ពោលគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន។ យ៉ាងណាក្តី បើយោងតាមក្រុមអ្នកជំនាញជាច្រើនសុទ្ធតែបានអះអាងថា ចិនកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងខ្លាំង ពោលគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីអាចមានដល់ខ្ទង់ ២៥០លាននាក់ដោយគិតត្រឹម ២០ថ្ងៃដំបូងនៃខែធ្នូនេះ។ អ្វីដែលធ្វើឲ្យក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងព្រួយបារម្ភអំពីស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនយ៉ាងខ្លាំងនោះ គឺដោយហេតុថា ចិនមានប្រជាពលរដ្ឋច្រើនណាស់ពោលគឺប្រមាណជា ១,៤ពាន់លាននាក់ ហើយភាគច្រើននៃប្រជាពលរដ្ឋទាំងអស់នោះមិនបានទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់តាមការណែនាំនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
