Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក លូឡា ដាស៊ីលវ៉ា ស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល ជាផ្លូវការហើយ

BY Khmerpress January 2, 2023
លោក លូឡា ដាស៊ីលវ៉ា ស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល ជាផ្លូវការហើយ

(ប្រាស៊ីលីយ៉ា)៖ មេដឹកនាំឆ្វេងនិយម លោក ល្វីស អ៉ីណាត្យូ លូឡា ដាស៊ីលវ៉ា (Luiz Inacio “Lula” da Silva) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលជាផ្លូវការហើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ជាមួយការសន្យាថាលោកកសាងប្រទេសជាតិឡើងវិញជាមួយប្រជាជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

ពិធិស្បថចូលកាន់តំណែងបានធ្វើឡើងនៅឯសភាជាតិ នៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីការព្រមានពីការប្រើអំពើហិង្សាពីសំណាក់អតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro)។ ថ្លែងនៅចំពោះមុខសមាជិកសភាប្រេស៊ីល លោក លូឡា បានគូសបញ្ជាក់ដូច្នេះថា «សាររបស់យើងទៅកាន់ប្រទេសប្រេស៊ីល គឺជាក្ដីសង្ឃឹម មួយ និងការកសាងប្រទេសឡើងវិញ»។ លោកបន្ថែមថាមូលដ្ឋានគ្រឹះនៃសិទ្ធិ អធិបតេយ្យ និងការអភិវឌ្ឍរបស់ប្រេស៊ីល ត្រូវបានបំផ្លាញជាលក្ខណៈប្រព័ន្ធកាលពីប៉ុន្មានឆ្នាំកន្លងទៅ នេះ ហើយលោក លូឡាផ្ទាល់ក៏បានសន្យាដែរថានឹងប្រឹងប្រែស្ដារជីវភាពរស់នៅរបស់ប្រជាជនប្រេស៊ីលក្រីក្រ ព្រមទាំងលើកកម្ពស់សមភាពជាតិសាសន៍ និងយែនឌ័រ។

គួរបញ្ជាក់ថា​​ លោក លូឡា បានទទួលជ័យជម្នះលើលោក បុលសូណារ៉ូ នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា ឆ្នាំ២០២២។ លោក លូឡា ធ្លាប់បានកាន់តំណែងជា ប្រធានាធិបតីប្រេស៊ីលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: