ក្រុមសង្រ្គោះវៀតណាម កំពុងព្យាយាមរំដោះក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ដែលធ្លាក់ទៅក្នុងប្រហោងសសរស៉ីម៉ង់ជម្រៅ៣៥ម៉ែត្រ
(ហាណូយ)៖ ភ្នាក់ងារសង្រ្គោះរាប់រយនាក់នៅក្នុងប្រទេសវៀតណាម នាថ្ងៃចន្ទនេះកំពុងតែបន្តខិតខំប្រឹងប្រែងជួយរំដោះខ្លួន ក្មេងប្រុសម្នាក់អាយុត្រឹម១០ឆ្នាំ ដែលបានធ្លាក់ចូលក្នុងប្រហោងសសរស៉ីម៉ង់មួយ មានជម្រៅប្រមាណ៣៥ម៉ែត្រទៅក្នុងផ្ទៃដី នៅឯការដ្ឋានសាងសង់មួយកន្លែង កាលពី២ថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២២។
ភ្នាក់ងារជួយសង្រ្គោះម្នាក់ បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដឹងថា ក្មេងប្រុសខាងលើដែលមានឈ្មោះ ថៃលី ហៅណាំ (Thai Ly Hao Nam) បានធ្លាក់ចូលសសរស៉ីម៉ង់ប្រហោងក្នុងមួយដើម មានអង្កត់ផ្ចិតប្រវែងត្រឹម២៥សង់ម៉ែត្រប៉ុណ្ណោះ ដែលត្រូវបានបញ្ចុះទៅក្នុងដី ជាផ្នែកនៃដំណើរការសាងសង់ស្ពានថ្មីមួយខ្សែ នៅខេត្តដុងថាប់ (Dong Thap) ភាគខាងត្បូងប្រទេសវៀតណាម ខណៈក្មេងប្រុសម្នាក់នោះ ទំនងជាបានដើរស្វែងរកដែកអេតចាយ។
គួរបញ្ជាក់ថា នាពេលនេះ អាជ្ញាធរមិនអាចដឹងច្បាស់ ពីស្ថានភាពរបស់ក្មេងប្រុសខាងលើនៅឡើយទេ ប៉ុន្តែពួកគេកំពុងបន្តខំប្រឹងឱ្យអស់ពីលទ្ធភាព ហើយឧស្ម័នអុកស៉ីសែន ត្រូវបានបញ្ជូនចូលទៅក្នុងសសរជាប់រហូត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ក្រុមសង្រ្គោះបានព្យាយាមប្រើប្រាស់ ឧបករណ៍ខួងដើម្បីបន្ទន់សាច់ដីនៅជុំវិញ ក្រោមគោលបំណងអាចទាញសសរស៉ីម៉ង់នោះឡើងមក ដើម្បីជួយក្មេងប្រុស ណាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews





