Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ថាផែនការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ឲ្យអ៊ុយក្រែន ត្រៀមនៅលើតុជាស្រេច

BY Khmerpress January 5, 2023
លោក ចូ បៃដិន ថាផែនការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ឲ្យអ៊ុយក្រែន ត្រៀមនៅលើតុជាស្រេច

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ទៅកាន់អ៊ុយក្រែនកំពុងត្រូវបានពិចារណា ដើម្បីជួយដល់ទីក្រុងកៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

រថពាសដែកប្រយុទ្ធ Bradley ដែលបំពាក់ទៅដោយកាំភ្លើងធន់ធ្ងន់ប្រភេទនេះ ត្រូវបានកងទ័ពអាមេរិកប្រើសម្រាប់ដឹកទាហានចល័តនៅក្នុងសមរភូមិ ចាប់តាំងពីពាក់កណ្តាល ទសវត្សរ៍ឆ្នាំ១៩៨០មក។ កងទ័ពអាមេរិកមានរថពាសដែក Bradley រាប់ពាន់គ្រឿង ដែលអាចផ្តល់ឲ្យអ៊ុយក្រែនមានអាវុធទំនើប និងកម្លាំងប្រយុទ្ធបន្ថែមទៀតនៅលើសមរភូមិ។

នៅពេលត្រូវបានសួរថាតើការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ទៅកាន់អ៊ុយក្រែនស្ថិតក្នុងជម្រើសដែលត្រូវពិចារណា ដែឬទេ? លោក បៃដិន ឆ្លើយថា «ជាការពិតណាស់»។ ចំណាត់ការថ្មីរបស់លោក បៃដិន គឺដើម្បីជំនួសការផ្តល់រថក្រោះ Abrams ដែលអ៊ុយក្រែនកំពុងស្នើសុំ។ យ៉ាងនេះក្តី គេក៏នៅមិនទាន់ដឹងច្បាស់ថាតើមានរថពាសដែក Bradley ប៉ុន្មានគ្រឿងនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែននោះទេ ប៉ុន្តែសហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយអាវុធបន្ថែម ដែលអាចត្រូវបានប្រកាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធាប្រមាណ ២១.៣ពាន់លានដុល្លារ ទៅក្រុងកៀវចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីចុងខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សភាអាមេរិកថា ជំនួយរាប់សិបពាន់លានដុល្លារដែលខ្លួនបានអនុម័ត ដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំង នឹងរុស្ស៊ី មិនមែនជាជំនួយសប្បុរសធម៌ទេ ប៉ុន្តែជាការវិនិយោគលើសន្តិសុខពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: