ព័ត៌មានអន្តរជាតិ January 5, 2023

ក្មេងប្រុសវៀតណាមអាយុ ១០ឆ្នាំ ដែលធ្លាក់ចូលក្នុងប្រហោងគ្រឹះបេតុងជម្រៅ ៣៥ម៉ែត្រ ពេលនេះបានបាត់បង់ជីវិតហើយ

Khmerpress

ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងកាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ នេះថា ក្មេងប្រុសជនជាតិវៀតណាមអាយុ ១០ ឆ្នាំ ដែលបានធ្លាក់ចូលទៅក្នុងប្រហោងគ្រឹះបេតុង នៅឯការដ្ឋានសំណង់នៅកំឡុងថ្ងៃចូលឆ្នាំសកលនោះ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ហើយ។ ក្រុមអ្នកជួយសង្គ្រោះបានចំណាយពេលជិត ១០០ ម៉ោង ដើម្បីព្យាយាមរំដោះកុមារា Ly Hao Nam ចេញពីប្រហោងគ្រឹះបេតុងជម្រៅ ៣៥ ម៉ែត្រ ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ម្នាក់បានរាយការណ៍។

អនុប្រធានខេត្ត Dong Thap លោក Doan Tan Buu បានឱ្យដឹងថា៖«អាជ្ញាធរបានកំណត់ថាជនរងគ្រោះបានបាត់បង់ជីវិតហើយ និងកំពុងព្យាយាមយកសាកសពរបស់គាត់មកធ្វើបុណ្យ»។

កុមារា Nam ត្រូវ​បាន​គេ​ឮ​យំ​សុំ​ជំនួយ​ភ្លាមៗ​ បន្ទាប់​ពី​គាត់​បាន​ធ្លាក់​ចូលប្រហោងគ្រឹះបេតុងដែល​មាន​អង្កត់ផ្ចិត ២៥ សង់ទីម៉ែត្រ កាល​ពី​ថ្ងៃ​សៅរ៍ នៅឯ​ការដ្ឋាន​សាងសង់​ស្ពាន​មួយ ​ក្នុង​ខេត្ត​ដីសណ្ត​ទន្លេ​មេគង្គ នៅពេលដែល​គាត់​បាន​ដើររក​ដែក​អេតចាយ​ជាមួយ​មិត្តភ័ក្តិ​។ រដ្ឋាភិបាលបាននិយាយថា កាលពីព្រឹកថ្ងៃពុធ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជំរុញឱ្យក្រុមអ្នកជួយសង្គ្រោះ និងអាជ្ញាធរមូលដ្ឋាន ចល័តឧបករណ៍ និងកម្លាំងទាំងអស់ដែលចាំបាច់សម្រាប់ប្រតិបត្តិការនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត