Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស កំពុងពិចារណាបញ្ជូនរថក្រោះប្រយុទ្ធ ឱ្យអ៊ុយក្រែន

BY Khmerpress January 10, 2023
ចក្រភពអង់គ្លេស កំពុងពិចារណាបញ្ជូនរថក្រោះប្រយុទ្ធ ឱ្យអ៊ុយក្រែន

(ឡុងដ៍)៖ សារព័ត៌មាន Sky News បានរាយការណ៍ថាចក្រភពអង់គ្លេស កំពុងពិចារណាផ្ដល់រថក្រោះប្រយុទ្ធជាច្រើនគ្រឿង ឱ្យអ៊ុយក្រែនយកទៅប្រើប្រាស់នៅក្នុង សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងប្រកាសផ្ដល់រថក្រោះធុនតូចដល់ទីក្រុងកៀវ។ នេះបើតាមការដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីលោកខាងលិចក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Sky News បានឱ្យដឹងទៀតថា កិច្ចពិភាក្សាពីផែនការ ផ្ដល់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន កើតមានឡើងកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ហើយរថក្រោះដែលកំពុងស្ថិតក្នុងការពិចារណា គឺជាប្រភេទរថក្រោះប្រយុទ្ធ Challenger 2។

ការផ្គត់ផ្គង់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែន ជានិមិត្តរូបដ៏សំខាន់មួយដែលបង្ហាញពីការប្ដេជ្ញាចិត្តគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែន។ ប៉ុន្តែបើតាម Sky News រដ្ឋាភិបាលចក្រភពអង់គ្លេសមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយណាមួយ លើការផ្ដល់រថក្រោះប្រយុទ្ធឱ្យអ៊ុយក្រែននៅឡើយទេ ខណៈទីក្រុងឡុងដ៍ត្រូវបានគេរំពឹងថា អាចនឹងផ្ដល់រថក្រោះប្រយុទ្ធ Challenger 2 ចំនួន ១០គ្រឿងឱ្យទីក្រុងកៀវ ក្នុងករណីមានការសម្រេចចិត្តជាផ្លូវការ។

គួរបញ្ជាក់ថា Challenger 2 គឺជារថក្រោះប្រយុទ្ធដែលមានសមត្ថភាពកម្ទេចរថក្រោះ និងត្រូវបានដាក់ឱ្យកងទ័ពអង់គ្លេសប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៩៤មក។ រថក្រោះប្រយុទ្ធនេះក៏ធ្លាប់ធ្វើប្រតិបត្តិការនៅក្នុងសង្រ្គាមនៅបូស្នី កូសូវ៉ូ និងអ៉ីរ៉ាក់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: