Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ «ការទូតចចកចម្បាំងចិន» លោក Zhao Lijian ត្រូវផ្ទេរឱ្យទៅកាន់មុខតំណែងថ្មី

BY Khmerpress January 10, 2023
អ្នកនាំពាក្យ «ការទូតចចកចម្បាំងចិន» លោក Zhao Lijian ត្រូវផ្ទេរឱ្យទៅកាន់មុខតំណែងថ្មី

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) ដែលត្រូវបានគេចាត់ទុកថាជា «អ្នកការទូតចចកចម្បាំង» ដ៏លេចធ្លោរមួយរូបរបស់ចិន ត្រូវផ្ទេរឱ្យទៅកាន់មុខតំណែងថ្មី​នៅក្នុងនាយកដ្ឋានដែលគ្រប់គ្រងកិច្ចការព្រំដែនដីគោក និងព្រំដែនសមុទ្រ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣។

បើតាមគេហទំព័រក្រសួងការបរទេសចិន លោក ចៅ មានអាយុ៥០ឆ្នាំ បច្ចុប្បន្នគឺជាអនុប្រធាននាយកដ្ឋានកិច្ចការព្រំដែនគោក និងព្រំដែនសមុទ្រនៃក្រសួងការបរទេសចិន។ លោក ចៅ បានកា្លយជាអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីឆ្នាំ២០២០ ហើយលោកត្រូវបានគេស្គាល់ថាជាអ្នកនាំពាក្យ និងជាអ្នកការទូតម្នាក់ដែលតែងតែបង្ហោះសារ មានលក្ខណៈជាតិនិយម និងផាំងទៅផាំងមកនៅលើបណ្ដាញទំនាក់ទំនងសង្គម។ តួយ៉ាង នៅក្នុងការបង្ហោះសារមួយលើ Twitter កាលពីខែមីនា ឆ្នាំ២០២០ លោក ចៅ បានសរសេរថា យោធាអាមេរិកប្រហែលជាអ្នកដែលនាំវីរុសកូរ៉ូណាកូវីដ១៩ មកកាន់ទីក្រុងវូហាន ប្រទេសចិន បន្ទាប់ពីក្រុមមន្ត្រីអាមេរិកមួយចំនួនអះអាងថាវីរុសកូរ៉ូណា នេះមានប្រភពចេញពីមន្ទីរពិសោធន៍ចិន។

គួរបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលចិន ក៏បានតែងតាំងលោក Qin Gang ដែលជាអគ្គរដ្ឋទូចចិនប្រចាំសហរដ្ឋអាមេរិក ឱ្យកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោក វ៉ាង យី ផងដែរ ខណៈទីក្រុងប៉េកាំងកំពុងព្យាយាមស្ដារស្ថិរភាពទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: