Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Influencerចិនម្នាក់ ថតវីដេអូចម្អិនត្រីឆ្លាមប្រភេទកម្រ ត្រូវអាជ្ញាធរពិន័យជិត២ម៉ឺនដុល្លារអាម៉េរិក

BY Naren February 2, 2023
Influencerចិនម្នាក់ ថតវីដេអូចម្អិនត្រីឆ្លាមប្រភេទកម្រ ត្រូវអាជ្ញាធរពិន័យជិត២ម៉ឺនដុល្លារអាម៉េរិក

(ចិន)៖ Influencer ជនជាតិចិនម្នាក់ ត្រូវបានអាជ្ញាធរផាកពិន័យ ១៨,៥០០ដុល្លារអាម៉េរិក ក្រោយពីបានផលិតវីដេអូចម្អិននិង បរិភោគត្រីឆ្លាមពណ៌សប្រភេទជិតផុតពូជ ដោយបង្ហោះនៅតាមអ៊ីនធឺណិត។

យោងតាម ទីភ្នាក់ងារព័ត៌មាន Bloomberg Influencerរូបនេះឈ្មោះ Tizi បានបំពានច្បាប់ការពារសត្វ ដោយនាងបានចម្អិនប្រភេទសត្វសមុទ្រជិតផុតពូជ។ តាមរយៈការពិពណ៌នាក្នុងវីដេអូ នាងបាននិយាយថានាងបានចំណាយប្រាក់ ៧,៧០០ យន់ ( ១,១៤១ ដុល្លារ ) ដើម្បីទិញត្រីឆ្លាមទម្ងន់ ៥០ គីឡូក្រាមលើកម្មវិធី Taobao។

នៅពេលដែលការបង្ហោះខាងលើបានផ្ទុះពេញបណ្តាញសង្គមនៅក្នុងខែកក្កដាឆ្នាំ២០២២ ស្រ្តីរូបនេះ ត្រូវបានឃាត់ខ្លួនដោយប៉ូលីសនៅ ខេត្តស៊ីឈួន ប្រទេសចិននិងរង់ចាំការស៊ើបអង្កេត។ ដំបូងឡើយ Tizi បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថាសត្វនេះត្រូវបានទិញដោយស្របច្បាប់ និងអាចបរិភោគបាន។

យោងតាមមូលនិធិសត្វព្រៃពិភពលោក (WWF) ត្រីឆ្លាមពណ៌ស ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វដែលងាយរងគ្រោះ និងជិតផុតពូជ ដែលផ្តល់កម្រិតការពារ ដោយ ការកាន់កាប់ និងលក់ផលិតផលសត្វព្រៃដោយខុសច្បាប់អាចបណ្តាលឱ្យមានការផាកពិន័យ ឬជាប់ពន្ធនាគារ។

អាជ្ញាធរក្នុងខេត្តស៊ីឈួនបានចាប់ផ្តើមស៊ើបអង្កេតអ្នកថតអាហាររូបនេះកាលពីខែសីហាមុន។ នៅពេលនោះ នាងបានប្រកាសថាគ្មានទោស ហើយកំពុងស្វែងរកមេធាវីការពារក្តី។ ក្រៅពី Tizi ដែលត្រូវបានផាកពិន័យ ក៏មានបុគ្គលពីរនាក់ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុក៏ត្រូវបានចាប់ខ្លួនពីបទជួញដូរត្រីនេះផងដែរ។

Tizi ដែលជា vlogger ដែលមានអ្នកតាមដានជាង ៧លាននាក់ ត្រូវបានគេស្គាល់ដោយសារផលិតវីដេអូរបស់គាត់អំពីការចម្អិនម្ហូបអាហារ ដោយនាងទាក់ទាញអ្នកទស្សនាមួយចំនួនធំ ដោយសាររូបរាងដ៏ស្រស់ស្អាត ប៉ុន្តែចម្អិនម្ហូបប្លែកៗដូចជា ក្រពើ សត្វអូដ្ឋ ជាដើម៕ ប្រភព៖ zingnews

Share This Post: