ព័ត៌មានអន្តរជាតិ February 11, 2023

ក្រុមហ៊ុនកម្សាន្តដ៏ធំបំផុតរបស់ពិភពលោក Walt Disney ប្រកាសនឹងបញ្ឈប់បុគ្គលិក ៧០០០នាក់

Naren

នាយកប្រតិបត្តិក្រុមហ៊ុន Walt Disney ថ្មីៗនេះបានប្រកាសពីផែនការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនកម្សាន្តដ៏ធំបំផុតរបស់ពិភពលោក រួមទាំងកាត់បន្ថយការងារចំនួន ៧,០០០កន្លែង។ យោងតាម ​​CNBC ការបញ្ឈប់ការងារនឹងប៉ះពាល់ដល់បុគ្គលិកប្រហែល ៣.៦% នៃបុគ្គលិកចំនួនសរុប ២២០,០០០ របស់ Disney នៅទូទាំងពិភពលោក ។

យោងតាមផែនការ ក្រុមហ៊ុននេះនឹងរៀបចំរចនាសម្ព័ន្ធឡើងវិញជា ៣ ផ្នែក ទីមួយគឺការកម្សាន្ត – ទូរទស្សន៍ – អនឡាញ; ទី២ អង្គភាព ESPN ដែលផ្តោតលើកីឡា; ហើយទី៣គឺ អាជីវកម្មសួនកម្សាន្ត Disney ។

លោក Bob Iger នាយកប្រតិបត្តិក្រុមហ៊ុន Walt Disney បាននិយាយថា «ការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងជួយឱ្យក្រុមហ៊ុនដំណើរការកាន់តែមានប្រសិទ្ធភាព និងបែងចែកការចំណាយទៅក្នុងផ្នែកដែលសមស្របជាងមុន»។ លោកក៏បានសង្កត់ធ្ងន់លើប្រតិបត្តិការអនឡាញ នៅតែជាអាទិភាពកំពូលសម្រាប់ Disney អមដោយការអភិវឌ្ឍន៍ម៉ាកយីហោ សិទ្ធិអាជីវកម្ម និងការកម្សាន្ត។ លើសពីនេះ បើតាមលោក Iger ក្រុមហ៊ុន Disney ក៏មានគម្រោងកាត់បន្ថយចំនួនកម្មវិធីទូរទស្សន៍ និងភាពយន្តទូទៅផងដែរ ព្រោះការចំណាយលើផ្នែកនេះខ្ពស់ពេក ហើយការប្រកួតប្រជែងខ្លាំង៕ ប្រភព៖ reuters