ព័ត៌មានអន្តរជាតិ February 13, 2023

លោក Bill Gates ជឿជាក់ថាកម្មវិធីដែលអាចឆ្លើយតបដូចមនុស្ស ChatGPT នឹងមកផ្លាស់ប្តូរពិភពលោកនាពេលអនាគត

Naren

(បរទេស)៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ជឿជាក់ថាកម្មវិធី Chat GPT ដែលជាប្រភេទ Chatbot និងកំពុងទទួលបានប្រជាប្រិយភាពជុំវិញពិភពលោក នឹងអាចមកជំនួសការងារមនុស្សបាននាពេលអនាគត បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងនាំគ្នាប្រជែងលើសេវាកម្មនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Handelsblatt របស់ប្រទេសអាឡឺម៉ង់លោក Bill Gate បាននិយាយថា «លោកជឿជាក់ទៅលើកម្មវិធី ChatGPT ដែលមានសមត្ថភាពឆ្លើយតបដូចមនុស្សបានយ៉ាងអស្ចារ្យចំពោះសំណួររបស់អ្នកប្រើប្រាស់ នឹងក្លាយជាបច្ចេកវិទ្យាដ៏សំខាន់បំផុតនាពេលអនាគតដូចទៅនឹងប្រព័ន្ធអ៊ីនធឺណិតនាពេលបច្ចុប្បន្នដែលមនុស្សមិនអាចខ្វះបាន»។

លោកបានបន្ថែមទៀតថា «រហូតមកទល់ពេលនេះបញ្ញាសិប្បនិមិត្ត (AI) អាចអាន និសរសេរបាន ប៉ុន្តែមិនអាចយល់ខ្លឹមសារបានទេ» «ដូច្នេះសេវាកម្ម AI ថ្មីដូចជាកម្មវិធី ChatGPT នឹងធ្វើឱ្យការងារការិយាល័យជាច្រើនកាន់តែមានប្រសិទ្ធិភាពជាជាងការងារប្រើមនុស្សនាពេលបច្ចុប្បន្ន ខណៈវាអាចជួយសរសេរវិកក្កយបត្រ (Invoice) ចំណូល ចំណាយរបស់ក្រុមហ៊ុន ឬអាចសរសេរជាអត្ថបទបានថែមទៀតផង»។

បច្ចុប្បន្ននេះ មិនមែនមានតែ Microsoft មួយប៉ុណ្ណោះទេ ដែលបានបង្កើត ChatGPT នោះ គឺមានច្រើនក្រុមហ៊ុនទៀត ដែលបានបង្កើតរួច និងកំពុងបង្កើត ជាក់ស្តែងនៅក្នុងពេលថ្មីៗនេះ Google និងក្រុមហ៊ុនចិន Baidu ក៏ទើបតែប្រកាសបង្ហាញពីគម្រោងនោះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS