ព័ត៌មានអន្តរជាតិ February 14, 2023

ប្រទេសសិង្ហបុរី ចុះបញ្ជីអត្តពលិកជាង៥០០នាក់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

Naren

ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) បានជ្រើសរើសអត្តពលិកជាង ៥០០នាក់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ CAMBODIA 2023 នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

បញ្ជីឈ្មោះចេញដោយក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរីសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បច្ចុប្បន្នមានអត្តពលិកចំនួន ៥១៧នាក់ ប៉ុន្តែចំនួនអត្តពលិកត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់កាន់តែច្បាស់លាស់ ពេលកាន់តែកៀកទៅនឹងការប្រកួត។គណៈកម្មាធិការជ្រើសរើសរបស់ SNOC ដែលមានលោក Tan Chuan-Jin ជាប្រធានបានធ្វើការសម្រេចចិត្តនេះ បន្ទាប់ពីបានពិគ្រោះជាមួយសមាគមកីឡាជាតិ។

អនុប្រធាន SNOC និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Ng Ser Miang បាននិយាយថា ៖«សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះអត្តពលិកទាំងអស់ដែលត្រូវបានជ្រើសរើសឱ្យតំណាងប្រទេសសិង្ហបុរី។ សូមសំណាងល្អនៅកម្ពុជា យើងនឹងលើកទឹកចិត្តអ្នក»។ ម្ចាស់មេដាយមាសកីឡាហែលទឹក នៅអូឡាំពិក២០១៦ កីឡាករ Joseph Schooling, កីឡាកររត់ប្រណាំង Shanti Pereira និងកីឡាករវាយសី Loh Kean Yew ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងព្រឹត្តិការណ៍ India Open ស្ថិតក្នុងចំណោមអត្តពលិកដែលនឹងមានឈ្មោះចូលរួមស៊ីហ្គេមនៅកម្ពុជា។

ដោយឡែកអត្តពលិកដែលមិនទាន់បានចុះបញ្ជីនៅឡើយ មានពេលរហូតដល់ខែកុម្ភៈដើម្បី បំពេញតាមលក្ខណៈ វិនិច្ឆ័យ។ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅទីក្រុងហាណូយ ឆ្នាំ២០២១ (លើកឆ្នាំ២០២២) ប្រទេសសិង្ហបុរី បានបញ្ជូនអត្តពលិកចំនួន៤២៤នាក់ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥នៃតារាងមេដាយដោយដណ្តើមបានមេដាយសរុបចំនួន១៦៦គ្រឿង។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា៕