អាមេរិកអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែន ដែលភៀសខ្លួនចូលមកតាមព្រំប្រទល់ម៉ិកស៉ិក អាចស្នាក់នៅជាបណ្តោះអាសន្នបានបន្តទៀត
(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ចូ បៃដិន នឹងអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែនទាំងឡាយ ដែលធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ តាមរយៈព្រំប្រទល់ម៉ិកស៉ិក អាចពន្យារពេលស្នាក់នៅជាបណ្តោះអាសន្នរបស់ពួកគេបានថែមទៀត នៅក្រោមកម្មវិធីមនុស្សធម៌របស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។
ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ជនជាតិអ៊ុយក្រែនប្រមាណ ២៥,០០០នាក់ ដែលរត់ភៀសខ្លួនចេញពីសង្រ្គាមនៅអ៊ុយក្រែន ហើយមកស្វែងរកការជ្រកកោននៅសហរដ្ឋអាមេរិក តាមព្រំប្រទល់ភាគខាងត្បូងជាប់ប្រទេសម៉ិកស៉ិកកាលពីឆ្នាំមុន គឺឥឡូវនេះអាចស្នើសុំពន្យារពេលស្នាក់នៅរបស់ពួកគេ លើសពីរយៈពេល១ឆ្នាំ ដែលត្រូវបានអនុញ្ញាតដំបូង។ ប្រជាជនអ៊ុយក្រែនជាច្រើននាក់ បាននាំគ្នាប្រមូលផ្តុំនៅព្រំប្រទល់អាមេរិក-ម៉ិកស៉ិក បន្ទាប់ពីសង្រ្គាមផ្ទុះឡើងភ្លាមៗ ដោយសារតែពួកគេមិនមានជម្រើសផ្សេងច្រើនឡើយ ដើម្បីចូលមកកាន់សហរដ្ឋអាមេរិក។
កាលពីខែមេសា ឆ្នាំ២០២២ នៅក្រោមសម្ពាធឱ្យទទួលយកជនភៀសខ្លួនបន្ថែមទៀត លោក បៃដិន ក៏បានបង្កើតកម្មវិធីមនុស្សធម៌ផ្លូវការមួយ ដើម្បីអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែនធ្វើដំណើរចូលមក ក្រោមការឧបត្ថម្ភរបស់អាមេរិក តាមរយៈជើងហោះហើរ ជាជាងការឆ្លងចូលមកតាមព្រំដែនគោក។ ពលរដ្ឋអ៊ុយក្រែន ច្រើនជាង១១៨,០០០នាក់ បានចូលមកដល់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីនោះ ហើយទទួលបានការអនុញ្ញាតឱ្យស្នាក់នៅរយៈពេល២ឆ្នាំ។
គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ គឺចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ជនភៀសខ្លួនអ៊ុយក្រែនសរុបខ្ទង់៨លាននាក់ហើយ បាននាំគ្នារត់ចេញពីប្រទេស ខណៈរាប់លាននាក់ផ្សេងទៀត គឺត្រូវព្រាត់ប្រាសពីផ្ទះសម្បែងនៅក្នុងប្រទេសផ្ទាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews

