ព័ត៌មានអន្តរជាតិ

អាជ្ញាធរហ្វីលីពីននឹងបើកការស៉ើបអង្កេត ក្រោយករណីលិចទូកផ្ទុកមនុស្សលើសចំណុះ ដែលបណ្តាលឱ្យ២៦នាក់បាត់បង់ជីវិត

BY
Khmerpress
July 28, 2023
អាជ្ញាធរហ្វីលីពីននឹងបើកការស៉ើបអង្កេត ក្រោយករណីលិចទូកផ្ទុកមនុស្សលើសចំណុះ ដែលបណ្តាលឱ្យ២៦នាក់បាត់បង់ជីវិត

(ម៉ានីល)៖​ ឆ្មាំសមុទ្រហ្វីលីពីននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ខ្លួននឹងបើកការស៉ើបអង្កេតលើមូលហេតុអ្វី បានជាទូកដឹកអ្នកដំណើរ១គ្រឿង ដែលលិចនៅបឹងមួយក្បែររដ្ឋធានីម៉ានីល ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច២៦នាក់​ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទាំងក្នុងស្ថានភាពផ្ទុក​មនុស្សលើសចំណុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

បន្ទាប់ពីទូកនោះបានលិច ពេលកំពុងមានខ្យល់បោកបក់ខ្លាំងក្លា អាជ្ញាធរហ្វីលីពីនជួយសង្រ្គោះមនុស្សបាន៤០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលមានន័យថា វាផ្ទុកអ្នកដំណើរហួសពីចំនួនដែលអាចដឹកបានដោយសុវត្ថិភាព។ បើតាមឆ្មាំសមុទ្រហ្វីលីពីន ទូកខាងលើមានសមត្ថភាព​ដឹកអ្នកដំណើរបានត្រឹមខ្ទង់៤០នាក់ប៉ុណ្ណោះ ដោយសុវត្ថិភាព។ មកទល់ពេលនេះ នៅតែមិនច្បាស់នោះទេថា មនុស្សប៉ុន្មាននាក់ឱ្យប្រាកដ ដែលត្រូវបានអនុញ្ញាតឱ្យឡើងលើទូក ខណៈបញ្ជីអ្នកដំណើរបង្ហាញឈ្មោះ មនុស្សតែ២២នាក់។

គួរបញ្ជាក់ថា វាគឺជាករណីគ្រោះថ្នាក់ផ្តាច់ជីវិតមនុស្សច្រើនបំផុតទី២ នៅហ្វីលីពីនក្នុងឆ្នាំនេះ បន្ទាប់ពីមនុស្ស៣៣នាក់ បានបាត់បង់ជីវិត ក្នុងករណីឆេះស្រឡាង១គ្រឿង នៅឯភាគខាងត្បូងប្រទេសអាស៊ានមួយនេះ កាលពីខែមីនា។ ក្នុងសប្តាហ៍នេះ ប្រទេសហ្វីលីពីន ក៏បាន​ទទួលរងការវាយប្រហារដោយព្យុះទីហ្វុងខ្លាំងក្លាមួយផងដែរ ដែលបាននាំមកនូវកម្លាំងខ្យល់បក់រហូតដល់ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង ទៅលើកោះលូហ្សុន (Luzon) ជាទីដែលទីក្រុងម៉ានីលស្ថិតនៅ និងឆក់យកជីវិតមនុស្សយ៉ាងតិច ជាង១០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: