ព័ត៌មានអន្តរជាតិ

កូនប្រុសប្រធានាធិបតីកូឡុំប៊ី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការលាងលុយកខ្វក់ ខណៈឪពុកប្រកាសមិនប្រើអំណាចលូកដៃ

BY
Khmerpress
July 31, 2023
កូនប្រុសប្រធានាធិបតីកូឡុំប៊ី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការលាងលុយកខ្វក់ ខណៈឪពុកប្រកាសមិនប្រើអំណាចលូកដៃ

(បូហ្គោតា)៖ លោក នីកូឡាស់ ប៉េត្រូ (Nicolas Petro) ដែលជាកូនប្រុសបង្កើតរបស់ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) ត្រូវបានចាប់ខ្លួននាចុងសប្តាហ៍នេះ ក្រោមការស៉ើបអង្កេតពាក់ព័ន្ធការលាងលុយកខ្វក់ និងការកើនទ្រព្យធន​តាមមធ្យោបាយខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។

លោក នីកូឡាស់ ប៉េត្រូ ដែលជាអ្នកនយោបាយមួយរូបនៅខេត្ត អាត្លង់ទីកូ (Atlantico) ពីដំបូងឡើយ បានស្វាគមន៍ការស៉ើបអង្កេតខាងលើ នៅពេលវាចាប់ផ្តើមកាលពីខែមីនា ឆ្នាំនេះ ហើយកន្លងមកធ្លាប់បានចាត់ទុកជារឿងគ្មានមូលដ្ឋាន ចំពោះការចោទប្រកាន់ដែលថា រូបលោកបានទទួលប្រាក់ពីក្រុមអ្នករត់ពន្ធគ្រឿងញៀន ជាថ្នូរសម្រាប់ការបញ្ចូលពួកគេ ទៅក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរបស់ឪពុកលោក ដែលមានគោលដៅបញ្ចប់វិបត្តិអំពើហិង្សាក្នុងប្រទេស។

លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានបង្ហោះសារនៅលើបណ្តាញសង្គមថា វាគឺជារឿងដ៏ឈឺចាប់មួយ ដែលកូនរបស់លោកម្នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបែបនេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សម្រាប់កូនខ្ញុំ ខ្ញុំសូមជូនពរឱ្យគាត់ មានភាពរឹងមាំនិងសំណាងល្អ។ សូមឱ្យរឿង​ហេតុទាំងនេះ នឹងអាចជួយពង្រឹងរូបគាត់ ហើយរំពឹងថា គាត់នឹងអាចរៀនសូត្រអំពីកំហុសរបស់ខ្លួន។ ដោយឡែក ដូចដែលខ្ញុំបានបញ្ជាក់​ប្រាប់អគ្គរដ្ឋអាជ្ញារួចរាល់ហើយ គឺខ្ញុំនឹងមិនលូកដៃជ្រៀតជ្រែក ឬដាក់សម្ពាធលើការសម្រេចចិត្តណាមួយឡើយ ពោលគឺទុកឱ្យច្បាប់​ជាអ្នកដឹកនាំនីតិវីធីដោយសេរី»។

គួរបញ្ជាក់ថា លោកប្រធានាធិបតីកូឡុំប៊ី បានប្តេជ្ញាបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមប្រដាប់អាវុធ និងក្រុមជនអន្ធពាលនានា ដើម្បីបិទបញ្ចប់ជម្លោះផ្ទៃក្នុងរបស់ប្រទេស ដែលមានរយៈពេលប្រមាណជា៦០ឆ្នាំ និងបានផ្តាច់ជីវិតមនុស្សប្រហែល៤៥០,០០០នាក់។ យ៉ាងណាមិញ កិច្ចប្រឹងប្រែងរបស់លោក បានជួបនូវភាពជោគជ័យលាយឡំជាមួយភាពបរាជ័យ អំលុងការកាន់អំណាច១ឆ្នាំមក​នេះ ដោយការចរចាឡើងវិញជាមួយក្រុមឧទ្ទាម ELN សម្រេចបាននូវបទឈប់បាញ់ ដែលនឹងចាប់ផ្តើមនៅខែសីហា ខណៈកិច្ចប្រឹងប្រែង ដើម្បីបើកកិច្ចសន្ទនាជាមួយក្រុមជនអន្ធពាល Clan del Golfo ដែលជាក្រុមដ៏មានឥទ្ធិពលមួយ បានជួបឧបសគ្គ ដោយសារតែការបន្តកើតមាន នៃអំពើហិង្សា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: