ព័ត៌មានអន្តរជាតិ

នូវែលសេឡង់នឹងផ្តល់ប្រាក់សំណង៣លានដុល្លារ ដល់បុរសម្នាក់ដែលជាប់ពន្ធនាគារអស់១៨ឆ្នាំ ដោយសារការកាត់ទោសខុស

BY
Khmerpress
August 18, 2023
នូវែលសេឡង់នឹងផ្តល់ប្រាក់សំណង៣លានដុល្លារ ដល់បុរសម្នាក់ដែលជាប់ពន្ធនាគារអស់១៨ឆ្នាំ ដោយសារការកាត់ទោសខុស

(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់នៅថ្ងៃសុក្រនេះ បានប្រកាសថា បុរសជនជាតិនូវែលសេឡង់ម្នាក់ ដែលបានចំណាយពេលសរុបអស់ជិត១៨ឆ្នាំ នៅក្នុងពន្ធនាគារសម្រាប់អំពើឃាតកម្មដែលខ្លួនមិនបានប្រព្រឹត្ត នឹងទទួលបានប្រាក់សំណងខ្ទង់លានដុល្លារ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

បុរសខាងលើដែលមានឈ្មោះថា អាលែន ហល (Alan Hall) ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត កាលពីឆ្នាំ១៩៨៦ បន្ទាប់ពី​បុរសម្នាក់ទៀត ត្រូវបានគេចាក់សម្លាប់ អំលុងហេតុការណ៍ចូលឈ្លានពានលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង អ៊ុកលែន (Auckland)។ តាមពិតទៅ គឺមិនមានភស្តុតាងផ្នែកវិទ្យាសាស្រ្ត ដែលអាចបង្ហាញថា លោក Hall មានជាប់ពាក់ព័ន្ធនឹងកន្លែងឃាតកម្មឡើយ ហើយ​ជនដៃដល់ក៏ត្រូវគេអះអាងថា ហាក់មានកម្ពស់ខុសពីលោក និងជាជនជាតិផ្សេងឯណោះផងដែរ។ ទោះជាបែបនេះក៏ដោយ រូបលោកនៅតែ​ត្រូវបានតុលាការសម្រេចសេចក្តីថា ពិតជាមានទោសក្នុងករណីនោះ។

លោក Allan Hall ត្រូវបានដោះលែងដោយមានលក្ខខណ្ឌកាលពីឆ្នាំ១៩៩៤ ប៉ុន្តែក្រោយមក លោកត្រូវបានបញ្ជូនចូលពន្ធនាគារវិញ នៅឆ្នាំ២០១២ ដោយសារល្មើសនឹងលក្ខខណ្ឌនៃការដោះលែង។ ទីបំផុត រូបលោកក៏ត្រូវបានដោះលែងឱ្យមានសេរីភាពពេញលេញ កាលពីឆ្នាំ២០២២ ហើយការផ្តន្ទាទោស ត្រូវបានលុបចោលទាំងស្រុង។

តុលាការកំពូលនូវែលសេឡង់ បានទទួលស្គាល់ថា ការជំនុំជម្រះក្តីនាពេលដំបូងនោះ គឺមិនមានយុត្តិធម៌ឡើយ ដែលបង្ហាញថា វាបាន​ប្រព្រឹត្តទៅដោយអសមត្ថភាពខ្លាំង ឬក៏ជាយុទ្ធសាស្រ្តមួយដែលខុសឆ្គងនិងដោយចេតនា ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យតែបាន ការផ្តន្ទាទោសទៅលើ​បុគ្គលម្នាក់ ដើម្បីបិទបញ្ចប់សំណុំរឿង។

រដ្ឋមន្រ្តីយុត្តិធម៌នូវែលសេឡង់ លោកស្រី ដេបូរ៉ា រូស្សែល (Deborah Russell) បានលើកឡើងនៅថ្ងៃសុក្រនេះថា លោក Hall បានទទួលយកហើយ នូវសំណើផ្តល់ប្រាក់សំណងចំនួន៤.៩លានដុល្លារនូវែលសេឡង់ ឬស្មើនឹង៣លានដុល្លារអាមេរិក ហើយខាង​រដ្ឋាភិបាល ក៏បានបង្ហាញការសុំអភ័យទោសដោយស្មោះ សម្រាប់ការកាត់ទោសខុសនិងការជាប់ពន្ធនាគាររបស់លោក ផងដែរ។ ជាមួយគ្នា លោកស្រី Russell បានទទួលស្គាល់ថា ពាក្យសុំទោសនិងថវិកានោះ គ្មានថ្ងៃអាចប៉ះប៉ូវទាំងស្រុង ចំពោះភាពអយុត្តិធម៌ ដែលលោក Hall បានទទួលរងឡើយ។

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍ប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រួសារលោក Hall បាននិយាយថា ពួកគេពិតជាបានធូរស្រាលក្នុងចិត្ត ដែលកិច្ចប្រឹងប្រែងតស៊ូលុបលាងឈ្មោះលោក ទីបំផុតត្រូវបានបិទបញ្ចប់។ លោក​ Alan Hall មានអាយុ២៤ឆ្នាំ នៅពេលត្រូវបានគេចាប់ខ្លួន ខណៈឥឡូវលោកមានអាយុ៦១ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: