ព័ត៌មានអន្តរជាតិ

បុរសវៀតណាមម្នាក់ស្ទើរតែអស់ជីវិត ក្រោយញ៉ាំក្តាមសមុទ្រស្រស់ដែលមានមេរោគ

BY
Khmerpress
August 19, 2023
បុរសវៀតណាមម្នាក់ស្ទើរតែអស់ជីវិត ក្រោយញ៉ាំក្តាមសមុទ្រស្រស់ដែលមានមេរោគ

វៀតណាម៖ បុរសវៀតណាមម្នាក់ស្ទើរតែស្លាប់បាត់បង់ជីវិតក្រោយបរិភោគក្តាមស្រស់ដែលមានផ្ទុកមេរោគ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger។ បុរសជនរងគ្រោះមានអាយុ ៣១ឆ្នាំ​ បច្ចុប្បន្នកំពុងរស់នៅតំបន់ភាគខាងជើងប្រទេសវៀតណាម ដែលជាតំបន់មួយមានការនិយមទទួលទានអាហារឆៅដូចជា ក្តាមឆៅឬបង្គាឆៅ យ៉ាងខ្លាំងបំផុត ហើយកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះរូបគាត់បានទៅញ៉ាំភ្លាក្តាមសមុទ្រស្រស់អស់ជាច្រើនក្បាលនៅផ្ទះមិត្តភក្តិរបស់គាត់។

ក្រោយទទួលទានក្តាមស្រស់នេះរួច បុរសជាជនរងគ្រោះបានកើតមានអាការៈធ្ងន់ធ្ងរមួយចំនួនដូចជា ស្រកទម្ងន់ ក្អក​ ក្អួត អស់កម្លាំង ឈឺក្បាជាប្រចាំ ពិបាកដកដង្ហើម និងពេលខ្លះថប់ដង្ហើមស្ទើរតែស្លាប់ទៀតផង។ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យក្រុមវេជ្ជបណ្ឌិតបានរកឃើញថា បុរសជនរងគ្រោះមានជំងឺ Paragonimiasis ដែលជាប្រភេទជំងឺបង្កឡើងដោយសារសួតមានបញ្ហាធ្ងន់ធ្ងរ ដូចជារលាកសួតឬទងសួតកម្រិតធ្ងន់ជាដើម។ ជាទូទៅជំងឺប្រភេទនេះបង្កឡើងដោយបាក់តេរី Paragonimus​ ដែលមានតោងជាប់នៅលើក្តាម ឬបង្គាស្រស់ ប្រសិនបើលោកអ្នកមិនបានចម្អិនវាឲ្យឆ្អិនល្អនោះទេមុនពេលទទួលទាន។ ដើម្បីចៀសវាងបញ្ហាខាងលើនេះ លោកអ្នកគួរចម្អិនអាហារគ្រប់មុខឲ្យបានឆ្អិនល្អគ្រប់ពេល ហើយបើក្នុងករណីចង់បរិភោគឆៅលោកអ្នកត្រូវលាងសម្អាតវាឲ្យបានស្អាតល្អដើម្បីឲ្យអស់មេរោគ៕  ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: