ព័ត៌មានអន្តរជាតិ

ការលក់កុំព្យូទ័រនៅឥណ្ឌាធ្លាក់ចុះខ្ទង់ ១៥ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២៣

BY
Khmerpress
August 19, 2023
ការលក់កុំព្យូទ័រនៅឥណ្ឌាធ្លាក់ចុះខ្ទង់ ១៥ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២៣

(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ទីផ្សារកុំព្យូទ័រក្នុងប្រទេសឥណ្ឌាកំពុងបន្តធ្លាក់ចុះក្នុងរយៈពេល ៤ត្រីមាសជាប់ៗគ្នាចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។ ពោលគឺ ត្រីមាសទី២ ឆ្នាំ២០២៣ នេះទីផ្សារកុំព្យូរទ័រសរុបរបស់ឥណ្ឌាបានធ្លាក់ចុះប្រមាណ ១៥.៣ភាគរយឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។

យោងតាមក្រុមហ៊ុនវិភាគទីផ្សារកុំព្យូទ័រ IDC បានបង្ហាញពីក្រុមហ៊ុនផលិតកុំព្យូទ័រចំនួន ៥ ដែលសុទ្ធតែជាក្រុមហ៊ុនកំពូលៗក្នុងប្រទេសឥណ្ឌាដែលបានបន្តធ្លាក់ចុះក្នុងត្រីមាសទី២ កន្លងទៅរួមមាន Lenovo និង Dell Technologies បានបាត់បង់ចំណែកទីផ្សារខ្លាំងជាងគេបើធៀបនឹងក្រុមហ៊ុនផ្សេងក្នុងប្រទេសឥណ្ឌា រហូតដល់ ៣០.២ភាគរយ និង ៣៩.២ភាគរយរៀងគ្នា។ ខណៈដែលក្រុមហ៊ុន HP Inc, Acer Group និង Asus បានបាត់បង់ចំណែកទីផ្សារក្នុងកម្រិតមធ្យមប្រមាណ ១៤.៤ភាគរយ, ៨.២ភាគរយ និង ០.៥ភាគរយរៀងគ្នា។

ជុំវិញមូលហេតុដែលធ្វើឱ្យទីផ្សារកុំព្យូទ័រឥណ្ឌាបន្តធ្លាក់ចុះបែបនេះ អ្នកវិភាគបានឱ្យដឹងថា គឺដោយសារតែកត្តាសេដ្ឋកិច្ច និងកត្តាកើនឡើងថ្លៃដើមផលិត។ ក្នុងរយៈ ៦ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចឥណ្ឌាបានរីកចម្រើនក្នុងល្បឿនយឺតបំផុត ដែលបណ្តាលឱ្យការចំណាយផ្នែកសាជីវកម្មបច្ចេកវិទ្យាបន្តធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្លៃកុំព្យូទ័រកើនឡើងខ្ពស់តម្រូវឱ្យអ្នកប្រើប្រាស់ត្រូវកាត់បន្ថយចំណាយ ទាំងនេះបណ្តាលមកពីការឡើងថ្លៃគ្រឿងបន្លាស់ និងការធ្លាក់ចុះនៃប្រាក់រូពីឥណ្ឌា។

យ៉ាងណាមិញតាមការគូសបញ្ជាក់ពីអ្នកវិភាគ ថ្វីត្បិតតែទីផ្សារកុំព្យូទ័រទាំងមូលក្នុងប្រទេសឥណ្ឌាបានបន្តធ្លាក់ចុះក៏ពិតមែន ប៉ុន្តែទីផ្សារក្នុងប្រទេសនេះនៅតែអាចបន្តឈរជើងបានដោយសារតែការជួយជ្រោមជ្រែងពីជួររដ្ឋាភិបាល និងផ្នែកអប់រំ។ វិស័យការងារក្នុងជូររដ្ឋាភិបាលជាច្រើនក្នុងប្រទេសឥណ្ឌាកំពុងជម្រុញទីផ្សារកុំព្យូទ័រ ដែលក្នុងនោះផ្នែកប្រព័ន្ធអប់រំកើនឡើង ៤៣.៧ភាគរយ និងផ្នែករដ្ឋាភិបាលកើនឡើង ៨.២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: