ព័ត៌មានអន្តរជាតិ

BREAKING: សភាថៃចាប់ផ្តើមដំណើរការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី

BY
Khmerpress
August 22, 2023
BREAKING: សភាថៃចាប់ផ្តើមដំណើរការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី

(បាងកក)៖ នៅរសៀលថ្ងៃអង្គារនេះ សភាថៃបានចាប់ផ្តើមប្រព្រឹត្តទៅហើយ នូវដំណើរការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

ការបោះឆ្នោតខាងលើនឹងធ្វើការសម្រេចទៅលើ ឱកាសក្លាយជានាយករដ្ឋមន្រ្តីរបស់ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ដែលត្រូវបាន​តែងតាំងដោយគណបក្ស ភឿថៃ (Pheu Thai)។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ Pheu Thai បានអះអាងថា ខ្លួនធានាបានសំឡេងគាំទ្រសរុប៣១៧សំឡេង នៅរដ្ឋសភា សម្រាប់លោក Thavisin។ ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីបាន លោក Thavisin ត្រូវការសំឡេងគាំទ្រ​ចំនួនយ៉ាងហោច៣៧៥សំឡេង ដែលស្មើនឹងសំឡេងលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ សរុបបញ្ចូលគ្នា។ ដូច្នេះមានន័យថា រូបលោកត្រូវការសំឡេងគាំទ្រ៥៨ទៀត ពីសមាជិកព្រឹទ្ធសភា។ រដ្ឋសភាថៃមានអាសនៈសរុបចំនួន៥០០ ខណៈព្រឹទ្ធសភាមាន ២៤៩អាសនៈ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃនាថ្ងៃអង្គារនេះ គឺជាការបោះឆ្នោតជុំថ្មីចុងក្រោយបំផុត បន្ទាប់ពីគណបក្ស Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកល បានទទួលបរាជ័យដល់ទៅ២លើក កាលពីខែកក្កដា ក្នុងការព្យាយាម​ឱ្យមេដឹកនាំរបស់ខ្លួន គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែការរារាំងពីសំណាក់ ក្រុម​សមាជិករដ្ឋសភានៃបណ្តាគណបក្សអភិរក្សនិយម និងក្រុមសមាជិកព្រឹទ្ធសភា។ Pheu Thai គឺជាគណបក្ស ដែលឈ្នះបានអាសនៈច្រើនជាងគេ​លំដាប់ទី២ ក្នុងការបោះឆ្នោតសកល បន្ទាប់ពី Move Forward៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: