ព័ត៌មានអន្តរជាតិ

លោក Tharman Shanmugaratnam ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់សិង្ហបុរី

BY
Khmerpress
September 2, 2023
លោក Tharman Shanmugaratnam ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់សិង្ហបុរី

(សិង្ហបុរី)៖ អតីតឧបនាយករដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីរបស់សិង្ហបុរី កាលពីថ្ងៃសុក្រ ទី១ ខែកញ្ញា ដែលជាការបោះឆ្នោតមានលក្ខណៈប្រកួតប្រជែងលើកដំបូងបំផុតមួយសម្រាប់តំណែងជាប្រមុខរដ្ឋ មិនសូវមានអំណាចមួយនេះ ក្នុងពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមលទ្ធផលបោះឆ្នោត លោក សានមូហ្ការ៉ាត់ណាំ មានវ័យ៦៦ឆ្នាំ បានយកឈ្នះលើគូប្រជែងរបស់លោក ២រូបផ្សេងទៀត គឺលោក អិន កុកសុង (Ng Kok Song) និងលោក តាន់ គីនលៀន (Tan Kin Lian) ដោយទទួលបានសំឡេងគាំទ្រ ៧០.៤ភាគរយនៃសន្លឹកឆ្នោតសរុប។ «ខ្ញុំសូមប្រកាសថា លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ គឺជាបេក្ខជនដែលជាប់ឆ្នោតជាប្រធានាធិបតីរបស់សិង្ហបុរី»។ នេះជាការបញ្ជាក់របស់មន្ត្រីនៃនាយកដ្ឋាន រៀបចំការបោះឆ្នោតសិង្ហបុរី។

គួរបញ្ជាក់ថា លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ នឹងត្រូវឡើងកាន់តំណែងបន្តពីប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្ន គឺលោកស្រី ហាលីម៉ាស់ យ៉ាកូប (Halimah Yacob) ដែលបានជាប់ជាប្រធានាធិបតីដោយស្វ័យប្រវត្តិកាលពីឆ្នាំ២០១៧ ដោយសារលោកស្រី គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវ​បានតែងតាំងឱ្យឈរឈ្មោះ នាពេលនោះ។ អាណត្តិប្រធានាធិបតីសិង្ហបុរីមានរយៈពេល៦ឆ្នាំ ខណៈលោកស្រីហាលីម៉ាស់បាន​សម្រេចចិត្តមិនបន្តឈរឈ្មោះសម្រាប់អាណត្តិថ្មី។

ដ្បិតមានប្រធានាធិបតីក៏ដោយ រដ្ឋាភិបាលប្រទេសសិង្ហបុរីស្ថិតនៅក្រោម ការដឹកនាំរបស់នាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នគឺលោក លី សៀនឡុង នៃគណបក្ស PAP ដែលជាបក្សដឹកនាំប្រទេសដែនកោះមួយនេះ ចាប់តាំងតែពីឆ្នាំ១៩៥៩ ​រហូតមក។

គួរបញ្ជាក់ថា ​សម្រាប់ការបោះឆ្នោតវិញ គឺវាជាកាតព្វកិច្ចសម្រាប់ប្រជាជនដែលមានសិទ្ធិបោះឆ្នោតជាង២.៧លាននាក់ នៅសិង្ហបុរី។ បុគ្គលដែល មិនបានបោះឆ្នោត ដោយមិនមានហេតុផលសមរម្យ គឺប្រឈមហានិភ័យត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: